ព័ត៌មានទាន់ហេតុការណ៍៖

ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “១២ កក្កដា ឆ្នាំ២០១៩”នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាវិទ្យាល័យទេពប្រណម្យ ក្នុងស្រុកពញាឮ​ បានរៀបចំ​ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ ញៀនក្រោមប្រធានបទសុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រីឈឿន​ សុចិត្ត​ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ពីសំណាក់ព្រះសង្ឃ កងកម្លាំងទាំង៣ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាគមន៍សង្រ្គោះជនរងគ្រោះដោយគ្រឿងញៀន DARAC និងប្រជាពលរដ្ឋសរុបជាង ២០០០អង្គ/នាក់ ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៏ក្នុងពិធីនេះថា ប្រទេសកម្ពុជារបស់យើង ក៏ដូចជាខេត្តកណ្តាល មិនមែនជាកន្លែងផលិតគ្រឿងញៀនទេ ដោយសារតែឥទ្ធិពលនៃការផលិត និងការចរាចរណ៏គ្រឿងញៀន នៅក្នុងពិភពលោក ធ្វើឲ្យពួកឧក្រិដ្ឋជនគ្រឿងញៀនធំៗរិះរកគ្រប់កលល្បិច មធ្យោបាយ ដើម្បីប្រើប្រាស់ប្រទេសកម្ពុជាយើងធ្វើជាកន្លែងចរាចរឆ្លងកាត់ ដឹកជញ្ជូន រក្សាទុក និងកែឆ្នៃផលិតគ្រឿងញៀនសម្រាប់បន្តនាំចេញទៅប្រទសទី៣ និងជួញដូរ ចែកចាយ ប្រើប្រាស់មួយចំនួននៅក្នុងប្រទេសផងដែរ ដែលនាំឲ្យប្រជាជនយើងមួយចំនួន ពិសេសស្រទាប់យុវជនលង់ខ្លួនប្រើប្រាស់ ក្លាយជាអ្នកញៀន និងអ្នកបង្កនូវផលលំបាក ជាច្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ។

លោកបានបន្ថែមទៀតថា បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហាយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការសហការពីគ្រប់ភាគីអ្នកពាក់ព័ន្ធ ពិសេសកងកម្លាំងប្រដាប់អាវុធ មន្រ្តីតុលាការ និងប្រជាពលរដ្ឋផ្ទាល់ រួមគ្នាក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ឲ្យខានតែបាន កុំឲ្យគ្រឿងញៀននេះចូលមកដល់ភូមិឃុំរបស់យើង ព្រោះបើយើងបង្ក្រាប និងទប់ស្កាត់កុំឲ្យគ្រឿងញៀនចូលមកក្នុងភូមិឃុំរបស់យើង នោះក្រុមយុវជនរបស់យើង ក៏មិនបានស្គាល់ឬប្រើប្រាស់គ្រឿងញៀននោះដែរ ដែលនាំឲ្យសង្គមជាតិរបស់យើង ក្លាយទៅជាសង្គមដែលគ្មានគ្រឿងញៀន ជាសង្គមដែលមានភាពថ្លៃថ្នូរ និងសង្គមដែលពោរពេញទៅដោយធនធានមនុស្ស ៕ស្អាងជ័យ


ចែករំលែក៖