ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបំពានច្បាប់ចិនតែមួយ ដោយលក់អាវុធឲ្យតៃវ៉ាន់

ចែករំលែក៖

ការសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ានរបស់អាមេរិក មានទ្រង់ទ្រាយធំបំផុត ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយចាត់ទុកសកម្មភាពទាំងនោះគឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ ចិន បំពានច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិក​ ដែលលក់អាវុធឲ្យកោះតៃវ៉ាន់ ដោយ​ចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិ។ ចិននឹងមានវិធានការ តបតទៅលើសកម្មភាពទាំងនោះរបស់អាមេរិក ។

កាលពីថ្ងៃ ទី​១២ ខែកក្កដា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា នឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន ឧស្សាហកម្មសព្វាវុធរបស់អាមេរិកដែលបានលក់អាវុធទៅឲ្យកោះ តៃវ៉ាន់។ ការសម្រេចខាងលើ ក្រោយពេលទីក្រុងវ៉ាស៊ីនតោន​ អនុម័ត លក់អាវុធ​មានតម្លៃ ដល់ទៅ ​២,២២ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។

ក្រសួងការបរទេសចិនបានប្រកាសថា ការលក់អាវុធ របស់អាមេរិកទៅឲ្យកោះតៃវ៉ាន់​​គឺជាការបំពានច្បាប់អន្តរជាតិ និងច្បាប់ជាមូលដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិ ។ ដើម្បីការពារផលប្រយោជន៍ជាតិ​ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងអនុម័តដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនសព្វាវុធរបស់អាមេរិក ។

ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសថា «តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីចិនដីគោកនោះឡើយ ។ ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺជាការបំពានទៅលើច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។ ទាំងនោះជាការលូកដៃចូលកិច្ចការផ្ទៃក្នុងចិនយ៉ាងជ្រៅ មិនអាចទទួលយកបានឡើយ»។

ការប្រតិកម្មខាងលើ ក្រោយពេល ក្រសួងការបរទេសអាមេរិក​បានសម្រេចលក់អាវុធ ឲ្យតៃវ៉ាន់មានតម្លៃជាង​២,២ពាន់លានដុល្លារ ​ក្នុងនោះមាន រថក្រោះ១០៨គ្រឿង កាំជ្រួចមីស៊ីលការពារដែនអាកាសបំពាក់លើស្មា​២៥០ដើម។ នេះជាការ​លក់សម្ភារៈយោធា ទ្រង់ទ្រាយធំបំផុតរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់មិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក​៕

 


ចែករំលែក៖