ការសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ានរបស់អាមេរិក មានទ្រង់ទ្រាយធំបំផុត ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយចាត់ទុកសកម្មភាពទាំងនោះគឺជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ ចិន បំពានច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។
នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិក ដែលលក់អាវុធឲ្យកោះតៃវ៉ាន់ ដោយចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិ។ ចិននឹងមានវិធានការ តបតទៅលើសកម្មភាពទាំងនោះរបស់អាមេរិក ។
កាលពីថ្ងៃ ទី១២ ខែកក្កដា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា នឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន ឧស្សាហកម្មសព្វាវុធរបស់អាមេរិកដែលបានលក់អាវុធទៅឲ្យកោះ តៃវ៉ាន់។ ការសម្រេចខាងលើ ក្រោយពេលទីក្រុងវ៉ាស៊ីនតោន អនុម័ត លក់អាវុធមានតម្លៃ ដល់ទៅ ២,២២ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។
ក្រសួងការបរទេសចិនបានប្រកាសថា ការលក់អាវុធ របស់អាមេរិកទៅឲ្យកោះតៃវ៉ាន់គឺជាការបំពានច្បាប់អន្តរជាតិ និងច្បាប់ជាមូលដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិ ។ ដើម្បីការពារផលប្រយោជន៍ជាតិ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងអនុម័តដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនសព្វាវុធរបស់អាមេរិក ។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសថា «តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីចិនដីគោកនោះឡើយ ។ ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺជាការបំពានទៅលើច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។ ទាំងនោះជាការលូកដៃចូលកិច្ចការផ្ទៃក្នុងចិនយ៉ាងជ្រៅ មិនអាចទទួលយកបានឡើយ»។
ការប្រតិកម្មខាងលើ ក្រោយពេល ក្រសួងការបរទេសអាមេរិកបានសម្រេចលក់អាវុធ ឲ្យតៃវ៉ាន់មានតម្លៃជាង២,២ពាន់លានដុល្លារ ក្នុងនោះមាន រថក្រោះ១០៨គ្រឿង កាំជ្រួចមីស៊ីលការពារដែនអាកាសបំពាក់លើស្មា២៥០ដើម។ នេះជាការលក់សម្ភារៈយោធា ទ្រង់ទ្រាយធំបំផុតរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់មិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក៕