ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ប៉ូលខាងជើងផែនដី សម្បូរដោយធុនធានធម្មជាតិ គឺជាគោលដៅរបស់ប្រទេសមហាអំណាច

ចែករំលែក៖

មហាអំណាចយោធានៅលើពិភពលោក​ គឺ​​​​​​​​ទាំងអាមេរិក រុស្ស៊ី និងចិន​ បានបង្កើនវត្តមានប្រជែងគ្រប់គ្រងតំបន់ ទឹកកក នៅប៉ូលខាងជើង ផែនដី​ ដែលសម្បូរទៅដោយធនធានធម្មជាតិ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​ពេលថ្មីៗនេះបានប្រកាសថា រុស្ស៊ី​បានបង្កើនវត្តមាននៅប៉ូលខាងជើងផែនដី​ ។ ទន្ទឹមនឹងនោះ​ក៏បានបង្ហាញពីក្តីបារម្ភខ្លាចទីក្រុងមូស្កូ ពង្រីកឥទ្ធិពលនៅក្នុងតំបន់ត្រជាក់បំផុត ។

អាចនិយាយបានថា មានតែទាហានរុស្ស៊ីប៉ុណ្ណោះដែលមានសមត្ថភាពខ្ពស់ នៅក្នុងការធ្វើសង្គ្រាម នៅតំបន់ទឹកកក នោះ ដោយទាហានរុស្ស៊ីបានសមទៅនឹងទីនោះជាច្រើនឆ្នាំកន្លងមក ។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះអាមេរិក បានបង្ហាញពីមហិច្ឆតា​របស់ខ្លួនក្នុងការគ្រប់គ្រង់ប៉ូលខាងជើងផែនដី ។ ​ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សង្គ្រាមត្រជាក់រវាងមហាអំណាច​អាមេរិក រុស្ស៊ី នាពេលនេះគឺកំពុងតែកើតឡើងនៅតំបន់ត្រជាក់បំផុត ។

តាមពិតអាមេរិកមិនមែនទើបបង្ហាញវត្តមាននៅប៉ូលខាងជើងផែនដីនោះឡើយ ពោលគឺបានបង្ហាញវត្តមាននៅទីនោះ រយៈពេល​៥០ឆ្នាំកន្លងមកហើយ ។ កម្លាំងតាហានអាមេរិក បានបំពេញការងារយ៉ាងសម្ងាត់នៅក្រោមផ្ទាំងទឹកកក់ប៉ូលខាងជើងផែនដី​ជាង​៥០ឆ្នាំកន្លងមក ហើយ​ដោយសូម្បីតែរុស្ស៊ីក៏មិនដឹងនោះដែរ​ ។

កាលពីសប្តាហ៍កន្លងមក​ ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានករណីផ្ទុះ នៅក្នុងនាវាមុជទឹកសម្លាប់នាវឹករុស្ស៊ី​១៤នាក់ដែលបំពេញការងារសម្ងាត់នៅក្រោមផ្ទាំងទឹកកកប៉ូលខាងជើងផែនដី ។ ក្រោយការផ្ទុះនោះ ធ្វើឲ្យបែកធ្លាយនៅព័ត៌មានសម្ងាត់របស់ប្រធានាធិបតីពូទីន ស្តីពីការស្រាវជ្រាវ​ធុនធានធម្មជាតិ រ៉ែគ្រប់ប្រភេទនៅប៉ូលខាងជើងផែនដី ។

ក្រោយការផ្ទុះនាវាមុជទឹកនោះ​អាមេរិកបានចោទប្រកាន់ ប្រធានាធិបតីពូទីន​មានគម្រោង ប្រែក្លាយតំបន់ប៉ូលខាងជើងផែនដីទាំងមូលទៅជា ប្រភពធុនធានធម្មជាតិ របស់រុស្ស៊ីតែមួយគត់ ។

ប៉ុន្តែការទៅស្រាវជ្រាវរបស់រុស្ស៊ីគឺយឺតយ៉ាវទៅហើយ ។ អតីតអនុប្រធានាធិបតីអាមេរិក លោក​ Al Gore ​បានទម្លាយឲ្យដឹងថា​ អាមេរិកបានបំពេញភារកិច្ចសម្ងាត់នៅទីនោះ រយៈពេលជាង ៥០ឆ្នាំកន្លងមក​ ។ លោក Al Gore ​បញ្ចាក់ថា​ អាមេរិកបានបំពេញការងារសម្ងាត់​ផ្ទល់ខ្លួននៅក្នុងតំបន់នោះ ។ លោក​ Al Gore បានលើកឡើងទៀតថា លោកធ្លាប់ទៅកាន់ប៉ូលខាងជើងផែនដីពីរលើករួចមកហើយ ដើម្បីបំពេញការងារសម្ងាត់ ។ លោក​ Al Gore ធ្វើដំណើរ​ដោយនាវាមុជទឹកដើរដោយថាមពលបរមាណូ ហើយលើកទីពីរគឺនាវាបាន អណ្តែតឡើងទម្លុះផ្ទាំងទឹកកតែម្តង ស្ថិតនៅចំកណ្តាលប៉ូលខាងជើងផែនដីតែម្តង ។ លោកបន្តទៀតថា នាវាមុជទឹកដើរដោយថាមពលអាមេរិក បានបំពេញភារកិច្ចនៅក្រោមផ្ទាំងទឹកករយពេល​៥០ឆ្នាំ​ចាប់តាំងពី ភារកិច្ចដំបូងនាឆ្នាំ​១៩៥៨ ដោយប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលបរមាណូ​ USS Nautilus ។

ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា អាមេរិក នៅទីនោះមិនអាចកោះហៅសម្ពន្ធមិត្តទៅចូលរួមបាននោះឡើយ​ដោយប្រទេសផ្សេងទៀតមិនមានបទពិសោធនៅក្នុងសង្គ្រាមតំបន់ត្រជាក់ ។

ចំណែករុស្ស៊ី មានសម្ព័ន្ធមិត្តគឺប្រទេសចិន ដែលកំពុងតែចូលរួម​ស្រាវជ្រាវ ជីកយកធនធានធម្មជាតិខណៈផ្ទាំងទឹកកកក្នុងតំបន់នេះចាប់ផ្តើមរលាយបន្តិចម្តងៗ ដោយសារវាជាដែនដីនៃប្រភពធនធានមិនទាន់ប្រើប្រាស់ ។

ថ្វីត្បិតទ្វីបអាក់ទិច ជាតំបន់ប៉ូល មានអាកាសធាតុត្រជាក់ខ្លាំង មិនអំណោយផលដល់ការរស់នៅ ប៉ុន្តែមានទស្សនៈគួរឱ្យចាប់អារម្មណ៍មួយលើកឡើងថា តំបន់ត្រជាក់អាក់ទិច អាចបង្កើនភាពកក់ក្តៅក្នុងទំនាក់ទំនងរវាងប្រទេស ចិន និងរុស្ស៊ី ។ មូលហេតុដោយសារតំបន់អាក់ទិច ជាដែនដីនៃប្រភពប្រយោជន៍ជាច្រើនសម្រាប់មហាអំណាចទាំងពីរ ។ ប៉ុន្តែដើម្បីទាញយកផលប្រយោជន៍នេះ ដរាបណាចិន និងរុស្ស៊ី កសាងទំនាក់ទំនងល្អ ហើយត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក ។

តំបន់អាក់ទិច គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០លានគីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ប៉ូលភាគខាងជើងនៃផែនដី មានអាកាសធាតុត្រជាក់ខ្លាំង ដោយជាមធ្យមប្រមាណជា-៤០អង្សារសេ ហើយនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំង អាចធ្លាក់រហូតដល់-៦៨អង្សារសេ ។ បច្ចុប្បន្នមនុស្សបានចាត់ទុក អាក់ទិច ជាដែនដីកំណប់មួយ ព្រោះជាឃ្លាំងផ្ទុកឧស្ម័នធម្មជាតិ ប្រមាណ៣០ភាគរយ នៃឧស្ម័នធម្មជាតិមិនទាន់រករកទាំងអស់លើផ្ទៃផែនដី និងផ្ទុកប្រេងឆៅ ១៣ភាគរយនៃប្រេងឆៅ មិនទាន់រុករកទាំងអស់លើផ្ទៃផែនដី ។ ក្រៅពីនោះតំបន់អាក់ទិច មានធនធានធម្មជាតិច្រើនប្រភេទផ្សេងទៀតដូចជា រ៉ែ ទឹកស្អាត ត្រី និងជាទីចំណាប់អារម្មណ៍សម្រាប់ឧស្សាហកម្មទេសចរណ៍ ដែលកំពុងកើនឡើងជាលំដាប់ ។ តំបន់អាក់ទិច មានតំបន់វាលរហោស្ថានពោរពេញដោយជីវចម្រុះដ៏កម្រជាច្រើនសន្ធឹកសន្ធាប់ ។ អាក់ទិចចូលរួមចំណែកផ្គត់ផ្គង់ទឹកចំនួន ១ភាគ៥ នៃទឹកទាំងអស់លើផ្ទៃផែនដី ។

អាក់ទិច អាចបម្រើប្រយោជន៍ដល់រុស្ស៊ីទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយជាច្រើនសតវត្សរ៍មកហើយ ។ ស្របពេលដែលរុស្ស៊ីមានព្រំប្រទល់ជាប់នឹងទ្វីបអាក់ទិចស្រាប់ ធ្វើឱ្យរដ្ឋាភិបាលក្រុងម៉ូស្គូ កាន់តែមានមហិច្ឆតាខ្ពស់ក្នុងការគ្រប់គ្រងដែនដីកំណប់ទាំងនេះ ។ ក្រៅពីការស្រូបយកធនធានធម្មជាតិ តំបន់ប៉ូលនេះបានចូលរួមចំណែក ធ្វើជាប្រព័ន្ធដឹកជញ្ជូនពាណិជ្ជកម្ម និងនេសាទដ៏សំខាន់ ។ ប្រទេសរុស្ស៊ីគ្រោងនឹងប្រមូលយក ធនធានធម្មជាតិនៅតាមឈូងសមុទ្រធំៗនៅតំបន់អាក់ទិច ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខរដ្ឋាភិបាលក្រុង ម៉ូស្គូ បានបង្ហាញពីចេតនា ចង់បង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់អាក់ទិចផងដែរ ។

ប្រទេសរុស្ស៊ី បានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយនៅតំបន់តំបន់អាក់ទិច ដើម្បីឈានទៅរកការប្រកាសគ្រប់គ្រង លើដែនដីអាក់ទិចជាថ្មី ។ ជាងនេះទៅទៀតនោះ ដើម្បីពង្រីកឥទ្ធិពល នយោបាយ រុស្ស៊ី បានបន្តរក្សាវត្តមានយោធានៅតំបន់អាក់ទិច ហើយថែមទាំងមានផែនការពង្រឹងវត្តមានឆ្មាំព្រំដែនឆ្មាំសមុទ្រថែមទៀតផង ។ ប៉ុន្តែកុំភ្លេចថា ថ្វីត្បិតទ្វីបអាក់ទិច ជាដែនដីដ៏ត្រជាក់ពិបាករស់នៅ មិនមែនមានន័យថាវាជាដែនដីសេរី ដែលអ្នកណាក៏អាចទាញយកប្រយោជន៍ពីតំបន់នេះដោយងាយៗនោះទេ ។ ហេតុនេះទើបរុស្ស៊ី ចង់បានដៃគូសហការណ៍ដ៏ល្អម្នាក់ដើម្បីជួយការពារផលប្រយោជន៍ខ្លួន ប៉ុន្តែជាអកុសល រុស្ស៊ីត្រូវហ៊ុព័ទ្ធដោយប្រទេស ជាសត្រូវ និងការទណ្ឌកម្ម ដោយសារភាពលោភលន់របស់រុស្ស៊ី ក្នុងការគ្រប់គ្រងលើដែនដីគ្រីមៀ ។ អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យរុស្ស៊ីឯកាជាខ្លាំងលើឆាកអន្តរជាតិ ជាក់ស្តែងនៅទ្វីបអាក់ទិចជាដើម ។ ចំណុចនេះជំរុញឱ្យរុស្ស៊ីសម្លឹងរកដៃគូពីបណ្តាប្រទេសផ្សេងទៀត ៕


ចែករំលែក៖