ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងបាត់ខ្លួនជាង​១០នាក់ ដោយឆេះសាឡាង ដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី

ចែករំលែក៖

កាលពីចុងសប្តាហ៍កន្លងមក សាឡាងដឹកអ្នកដំណើរមួយគ្រឿង​ត្រូវភ្លៀងឆាប់​ឆេះនៅ​កណ្តាលអធ្រាត្រ ​​នៅក្បែរកោះ​​Sulawesi ​ប្រទេសឥណ្ឌូនេស៊ី​ បណ្តាលឲ្យ មនុស្ស ៧ នាក់ ស្លាប់ ក្នុងនោះ មានកុមារ ២ នាក់ និង ៤ នាក់ទៀតបាត់ខ្លួន ។

កម្លាំងសន្តិសុខនៅក្នុងតំបន់បានឲ្យដឹងថា មុនពេលកើតហេតុ សាឡាងបានធ្វើដំណើរពីភាគអាគ្នេយ៍ ដែនកោះ Sulawesi ទៅកាន់ដែនដីកោះមួយកន្លែង ស្ថិតនៅ Central Sulawesi ហើយស្រាប់តែត្រូវអគ្គិភ័យឆាបឆេះភ្លាមៗតែម្តង នៅម៉ោងពាក់កណ្តាលអធ្រាត្រ ។ អ្នកនាំពាក្យប៉ូលិស ក្នុងតំបន់ លោក Harry Goldenhard បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លាមៗនោះ មានផ្កាភ្លើង នៅក្នុងម៉ាស៊ីនហើយ ភ្លើងបានឆាបឆេះយ៉ាងលឿនតែម្តង ទៅកាន់ផ្នែកផ្សេងៗទៀត ស្ថិត​នៅលើសាឡាងមួយគ្រឿងនោះ ។ ប៉ូលិសបានដាក់ការសង្ស័យថា ហេតុការណ៍អគ្គិភ័យនេះ កើតឡើងដោយសារមូលហេតុផ្ទុះធុងហ្គាស ។

គេនៅមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់ ដែលជិះនៅលើសាឡាងនៅពេលនោះឡើយ ។

អ្នកដំណើរបានរាយឈ្មោះមាន៥០នាក់ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្រុកបានរកឃើញអ្នកនៅរស់រានមានជីវិត៦១នាក់ ខណៈមនុស្ស ៧នាក់ ក្នុងនោះមានកុមារ២នាក់ អាយុ២ឆ្នាំ និង៤ឆ្នាំ បានស្លាប់ ។ ពេលនេះក្រុមជួយសង្គ្រោះ កំពុងស្វែងរកអ្នកដំណើរបួននាក់ទៀត ដែលនៅបាត់ខ្លួន ។

គ្រោះថ្នាក់តាមផ្លូវសមុទ្រ កើតឡើងជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេស​មួយ​មានប្រជុំកោះជាង ១៧.០០០ កន្លែង ។ ប្រជាជនក្នុងប្រទេសនេះ ច្រើនប្រើសាឡាង និងទូកផ្សេងទៀត សម្រាប់ជាមធ្យោបាយធ្វើដំណើរ បើទោះបីមិនមានស្តង់ដារសុវត្ថិភាពយ៉ាងណាក៏ដោយ ។

ក្រុមថៅកែរកស៊ីខាងសាឡាង​ដឹកភ្ញៀវ ជារឿយៗ លក់សំបុត្រខុសច្បាប់ ផ្ទុកមនុស្សលើសចំណុះ ។ គេនៅចាំបានថា កាលពីឆ្នាំមុន មនុស្សជាង១៦០ នាក់បានស្លាប់ នៅពេលសាឡាងដឹកអ្នកដំណើរមួយគ្រឿង បានលិចនៅក្នុងបឹងមួយ ក្នុងចំណោមបឹងជ្រៅបំផុត នៅលើពិភពលោក ស្ថិតនៅលើកោះ ស៊ូម៉ាត្រា ។ ក្នុងឆ្នាំ ២០០៩ មនុស្សជាង ៣០០ នាក់ ត្រូវបានប៉ាន់ប្រមាណថា បានលង់ទឹកស្លាប់ នៅពេលសាឡាងមួយគ្រឿង បានលិចនៅចន្លោះដែនដីកោះ Sulawesi និង Borneo របស់ប្រទេសឥណ្ឌូនេស៊ី ៕


ចែករំលែក៖