ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់ បន្តកើតឡើង នៅភាគខាងជើងឥណ្ឌា​

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងបង្កបាក់ដីនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឲ្យមានអ្នកស្លាប់​១៨នាក់​ នៅក្នុងរដ្ឋ Himachal Pradesh នាភាគខាងជើង នៃប្រទេសឥណ្ឌា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។

មនុស្សសរុបទាំងអស់៨ នាក់បានស្លាប់ នៅរដ្ឋធានី Shimla ក្នុងនោះមានគ្រួសារមួយមានសមាជិក៣ ត្រូវស្លាប់ទាំងអស់ គឺកូនស្រី២នាក់ ម្នាក់អាយុ១៨ឆ្នាំ ម្នាក់អាយុ១៥ឆ្នាំ និងឪពុកពួកគេ បានស្លាប់ ដោយសារការបាក់ដី ដែលបង្កឡើងដោយទឹកជំនន់ជន់មកភ្លាមៗ ។ នេះបើយោងតាមកាសែត Hindustan Times ។

ទោះជាយ៉ាងណា ភ្លៀងនៅតែបន្តធ្លាក់មក ហើយ​ធ្វើឲ្យជន់លិច​​រដ្ឋ​មួយចំនួន នៅតំបន់ភ្នំ​ បង្ករងការខូចខាត​យ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ អគារ និងបណ្ដាញផ្គត់ផ្គង់ទឹក​ ។

នៅក្នុងឧប្បត្តិហេតុមួយទៀត នៅតំបន់ Shimla កម្មករម្នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួស នៅពេលជញ្ជាំងអគារមួយ បានបាក់រលំចូលបន្ទប់ម្មករ ដែលកំពុងតែដេក ។

បុរសអាយុ៧០ឆ្នាំម្នាក់ និងចៅស្រីអាយុ៨ឆ្នាំរបស់គាត់បានស្លាប់ ពេលជញ្ជាំងផ្ទះរបស់ពួកគេបានបាក់រលំសង្កត់ពីលើ ។

អ្នកបើករថយន្ដម្នាក់បានស្លាប់នៅជិតតំបន់ Hatkoti ក្នុងស្រុក Shimla ពេលដែលទីតាំងអាហារដ្ឋានរបស់គាត់ ត្រូវវាយប្រហារ ដោយការរអិលបាក់ដី ។ នៅក្នុងឧប្បត្តិហេតុស្រដៀងគ្នានេះដែរ ក៏បានកើតឡើង នៅ Swarghat ក្នុងស្រុក Bilaspur នៃរដ្ឋខាងលើនេះ ហើយអ្នកបើកបរម្នាក់បានស្លាប់ បន្ទាប់ពីត្រូវកប់នៅពីក្រោមការដី ។

នៅក្នុងឧប្បត្តិហេតុមួយទៀត មនុស្សម្នាក់បានស្លាប់ នៅពេលដែលជញ្ជាំងថ្មមួយបានបាក់សង្កត់ពីលើរូបគាត់ នៅឯស្រុក Baddi ស្រុក Solan ។ កម្មករពីរនាក់ បានស្លាប់ នៅក្បែរតំបន់ Narkanda ខណៈដែលមនុស្ស ៥ នាក់ បានរងរបួសធ្ងន់ ដោយសារដើមឈើមួយដើម បានរលំទៅលើផ្ទះរបស់ពួកគេ ។

ដោយឡែកអ្នកទេសចរម្នាក់ អាយុ២២ឆ្នាំ មកពីរដ្ឋភាគខាងត្បូងនៃរដ្ឋ Telangana ក៏បានស្លាប់ ដោយសារតែត្រូវផ្ទាំងថ្មបុកចំ ខណៈកំពុងវិលត្រឡប់ មកពីដើរលេងកម្សាន្ត នៅតំបន់ Khir-Ganga ស្រុក Kullu ។

នៅតំបន់ Jibhi ស្រុក Kullu ក៏មានបុរសម្នាក់ត្រូវទឹកហូរកួចនាំយកទៅបាត់ ដោយមានផ្ទាំងទឹករលកធំៗ ហើយសង្ស័យថា ជនរងគ្រោះ​ប្រហែលបាត់បង់ជីវិត ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ផ្លូវជាង៤០០ខ្សែ ក្នុងនោះមានផ្លូវល្បឿនលឿនចំនួន១៣ខ្សែ នៅទូទាំងរដ្ឋ Himachal Pradesh ត្រូវបិទទាំងស្រុង ឬដោយសារតែការបាក់ដីដ៏ធ្ងន់ធ្ងរ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ​៕


ចែករំលែក៖