ការបែងចែកឥណ្ឌាជា២ បានឈានរហូតចែកជាប្រទេសទី៣ទៅទៀត គឺ គឺបង់ក្លាដែសដែលបែកចេញពីប៉ាគីស្ថាន ឯករាជ្យចេញពីប៉ាគីស្ថាន កាលពីឆ្នាំ ១៩៧១ ។ ក្រោយទទួលបានឯករាជ្យពីអង់គ្លេស មានការពុះចែកឥណ្ឌា ជារដ្ឋ២ គឺឥណ្ឌា និងប៉ាគីស្ថាន ។ ការបែងចែកនេះ គឺដោយសារតែមានសាសនា២ គឺសាសនាហិណ្ឌូរបស់ឥណ្ឌា និងអ៊ីស្លាមរបស់ប៉ាគីស្ថាន ។ ដើមឡើយ ពេលមិនទាន់បែងចែកជា២ប្រទេសនេះ គឺមានសាសនាអ៊ីស្លាម ក្នុងឧបទ្វីបឥណ្ឌារួចទៅហើយ ។ កាលនោះ មានការបង្កើតសម្ព័ន្ធអ៊ីស្លាមមួយ នៅDhaka ក្នុងឆ្នាំ១៩០៦ ។ កាលនោះ សម្ព័ន្ធអ៊ីស្លាមមួយនេះ មិនបង្កើតឡើង ដើម្បីផ្តាច់ប៉ាគីស្ថានឲ្យទៅជារដ្ឋមួយផ្សេងទៀតទេ គឺបង្កើតឡើងដើម្បីការពារសិទ្ធិប្រជាជនឥណ្ឌាដែលកាន់សាសនាអ៊ីស្លាមតែប៉ុណ្ណោះ ។ គួររំលឹកដែរថា គឺលោកអាលី ជីណា ដែលបានចូលក្នុងសម្ព័ន្ធអ៊ីស្លាម នៅឆ្នាំ១៩១៣នេះហើយ ដែលជាអ្នកដឹកនាំទៅដល់ការពុះចែកឥណ្ឌាដាច់ជា២នេះ ។
អ្នកកាន់សាសនាអ៊ីស្លាមកាលនោះ ទទួលការគំរាមកំហែងពីអ្នកកាន់សាសនាហិណ្ឌូ ។ អ្នកកាន់សាសនាអ៊ីស្លាមនៅឧបទ្វីបឥណ្ឌាកាលនោះ នៅមានការនឹកនាដល់ចក្រភពអ៊ីស្លាមMoghol ដែលកាន់ អំណាចតាំងពីមុនអង់គ្លេសដាក់អាណានិគមនៅឡើយ ។ ពេលបង្កើតដំបូងសម្ព័ន្ធអ៊ីស្លាមមិនទាន់ទទួលបានការគាំទ្រពីប្រជាជនកាន់សាសនាអ៊ីស្លាមប៉ុន្មានទេ ។
ក្រោយមកទៀត អង់គ្លេសបានអនុញ្ញាតឲ្យមានអ្នកបោះឆ្នោតអ៊ីស្លាមបានបែងចែកដោយឡែកពីអ្នកបោះឆ្នោតហិណ្ឌូ ធ្វើឲ្យក្នុងឆាកនយោបាយ មានវត្តមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនឹងគេដែរ ។
ក្នុងឆ្នាំ១៩៤០ សម្ព័ន្ធអ៊ីស្លាមបានសុំឲ្យមានការបង្កើតរដ្ឋមួយដាច់ដោយឡែក ។ លោកអាលីជីណា ចង់ឲ្យអ្នកកាន់សាសនាអ៊ីស្លាមរួបរួមគ្នា ។ លោកតស៊ូបានទទួលជោគជ័យ ដោយបានធ្វើឲ្យសម្ព័ន្ធអ៊ីស្លាមទទួលបានការគាំទ្រពីអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន ។ ពេលបក្សសមាជទទួលជោគជ័យក្នុងការបោះឆ្នោត នៅឆ្នាំ១៩៣៧ សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមមានការបារម្ភក៏បាននាំគ្នាចូលរួមក្នុងសម្ព័ន្ធអ៊ីស្លាមតែម្តងទៅ ដើម្បីសម្រេចគំរោងបង្កើតរដ្ឋមួយផ្សេងទៀតនោះ ។ យោងតាមអ្នកជំនាញ ប្រជាជនកាន់សាសនាអ៊ីស្លាកាលនោះ មិនបានយកពាក្យថាសាសនាអ៊ីស្លាមជាធំទេ ពួកគេគិតគូរតែពីប្រយោជន៍សង្គម សេដ្ឋកិច្ច និងប្រពៃណីពួកគេតែប៉ុណ្ណោះ ។
ឆ្នាំ១៩៤៦ អង់គ្លេសនឿយហត់ដោយសារសង្គ្រាមលោកលើកទី២ ក៏សម្រេចលែងបន្តអាណានិគមតទៅទៀត ។ អង់គ្លេសចង់ឲ្យឥណ្ឌាដែលត្រូវទទួលឯករាជ្យនោះ ក្លាយជាសហភាពសហព័ន្ធមួយ ដែលក្នុងនោះ ខែត្របង់ហ្កាល និងពិនចាប់ ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម អាចស្វ័យតបាន ។ ដំបូងទាំងសម្ព័ន្ធអ៊ីស្លាម និងបក្សសមាជយល់ព្រមតាមសំណើអង់គ្លេស តែក្រោយមកទៀត លោកនេរុ ជាប្រធានបក្សសមាជប្រែចិត្តទៅវិញ ។ ដោយសាររឿងនេះ ហិង្សាក៏ផ្ទុះឡើង សម្លាប់មនុស្សរាប់ពាន់នាក់ ភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ ។
អង់គ្លេសក៏បានចាត់ចែងឲ្យទ្វីបឥណ្ឌាឆាប់ទទួលបានឯករាជ្យ ដោយចាត់ចែងការពុះចែកឥណ្ឌាជារដ្ឋ២ គឺរដ្ឋឥណ្ឌា និងប៉ាគីស្ថាននេះឯង ។ ហើយឯករាជ្យនៃប្រទេសថ្មីទាំង២នេះ បានប្រកាសឡើង នៅយប់ថ្ងៃ១៤សីហា ចូលព្រឹកថ្ងៃ១៥ សីហាឆ្នាំ១៩៤៧ ។ ប៉ាគីស្ថានកំណត់យកថ្ងៃ១៤សីហាជាថ្ងៃប្រារព្ធខួប ចំណែកឥណ្ឌាកំណត់យកថ្ងៃ១៥សីហា ។ តាំងពីដើមមកឥណ្ឌានឹងប៉ាគីស្ថានតែងតែគំរាមកំហែងដាក់គ្នាទៅវិញទៅមកដោយប្រទេសទាំងពីរមានបរមាណូដូចគ្នា ហើយទេសឥណ្ឌាមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» ដូច្នេះហើយខ្លួនមិនខ្លាចការគំរាម របស់ប៉ាគីស្ថាននោះឡើយ ។
ពេលថ្មីៗនេះនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រាន ម៉ូឌី (Narendra Modi) បានលើកឡើងថា ប្រទេសរបស់លោកមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ ឬ Mother of Nuclear Bombs» ដែលជាហេតុធ្វើឲ្យឥណ្ឌានឹងមិនចុះញ៉មចំពោះអ្វី ដែលរូបលោកបានហៅថា ជាការគំរាមនៃអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានដាច់ខាត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩ ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក លោក Modi បាននិយាយដូច្នេះថា «ប៉ាគីស្ថានច្បាស់ជានឹងគំរាមយើងថា ពួកគេមានគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងប្រើវាភ្លាមបើយើងហ៊ានវាយបក ។ ប៉ុន្តែពួកយើងមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» នៅក្នុងដៃ ដូច្នេះហើយខ្ញុំសូមប្រាប់ទៅកាន់ពួកគេថា ធ្វើអ្វីក៏ធ្វើទៅចុះ តែយើងច្បាស់ជានឹងតដៃទៅវិញជាក់ជាពុំខាន»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានសង្កត់ធ្ងន់ទៀតថា «ប៉ាគីស្ថានបានអាងអាវុធនុយក្លេអ៊ែរ មកគំរាមកំហែងយើងជាយូរណាស់មកហើយ ប៉ុន្តែឥណ្ឌាឥឡូវមិនដូចពីមុនឡើយ ហើយក៏មិនចាញ់ការព្រមានទាំងអស់នេះដែរ» ។ យ៉ាងណាមិញ បើតាមការអះអាងកាលពីចុងខែមីនា របស់មេទ័ពប៉ាគីស្ថានលោក អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) ទីក្រុងអ៊ីស្លាម៉ាបាដបានច្រាន ចោលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែត្រឹមចាត់ទុកអាវុធនេះជា ឧបករណ៍ដើម្បីទប់ស្កាត់កុំឲ្យមានសង្គ្រាមមែនទែន ផ្ទុះឡើងតែប៉ុណ្ណោះ ។
គួរជម្រាបថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែរ ក្នុងដៃដូចគ្នានេះ នៅតែមិនទាន់អន់ថយ ទៅវិញនោះឡើយ ចាប់តាំងតែពីវាបានផ្ទុះឡើងយ៉ាងក្តៅគគុកកាលពីខែកុម្ភៈ នៅពេលកងទ័ពឥណ្ឌាជាង ៤០នាក់បានស្លាប់នៅតំបន់កាស្មៀរ ដោយសារ ការវាយប្រហារដោយអត្តឃាត របស់ក្រុមសកម្មប្រយុទ្ធ ដែលឥណ្ឌាចោទថា មានការគាំទ្រពីប៉ាគីស្ថាន ព្រម ទាំងការប្រយុទ្ធគ្នាតាមផ្លូវអាកាស នៅលើតំបន់ជម្លោះនេះ រវាង យន្តហោះចម្បាំងនៃកងទ័ពអាកាស របស់ប្រទេសទាំងពីរ ។
ក្រៅពីនុយក្លេអ៊ែរ ឥណ្ឌាមានអាវុធដ៏មានប្រសិទ្ធិភាព ទៅលើប៉ាគីស្ថានមួយទៀតគឺ ទឹក ។ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសឲ្យដឹងថា សកម្មភាពបង្ហូរទឹកពីឥណ្ឌា គឺខុសប្រក្រតី ធ្វើឲ្យទឹកទៅកាន់ដងទន្លេ Sutlej របស់ប៉ាគីស្ថាន ដែលជាផ្នែកមួយ នៃការខិតខំរបស់រដ្ឋាភិបាលទីក្រុងញូវដេលី ក្នុងការបំផ្លាញសន្ធិសញ្ញា រវាងប្រទេសទាំងពីរ ដែលមានមកតាំងពីយូរណាស់មកហើយ ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថាន កាលពីថ្ងៃទី១៩ ខែសីហា បានចោទប្រកាន់ឥណ្ឌាថា កំពុងតែធ្វើ «សង្គ្រាមជំនន់ទី៥» ដោយសារតែរដ្ឋាភិបាលទីក្រុងញូវដេលី មិនបានផ្តល់ព័ត៌មានទៅឲ្យរដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាដ ស្តីពីការបង្ហូរទឹក ចេញពីទំនប់ នៅក្នុងប្រទេសឥណ្ឌា ទើ់បបង្កឲ្យមានគ្រោះទឹកជំនន់ នៅតាមព្រំដែន ស្ថិតក្នុងទឹកដីរបស់ប៉ាគីស្ថាន ។
រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសថា សកម្មភាពបង្ហូរទឹក ខុសប្រក្រតីចូលទៅកាន់ ដងទន្លេ Sutlej របស់ប៉ាគីស្ថាន ពីឥណ្ឌា គឺជាសកម្មភាពមួយរបស់ទីក្រុងញូវដេលី ក្នុងការបំផ្លាញសន្ធិសញ្ញា រវាងប្រទេសទាំងពីរ ។ ការបង្ហូរទឹកនោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងរាល់សកម្មភាពរបស់ពលរដ្ឋប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែន ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានប្រកាសថា ឥណ្ឌាកំពុងតែប្រើប្រាស់ «សង្គ្រាមជំនន់ទី៥» ទៅលើប្រទេសប៉ាគីស្ថាន ដោយបង្ហូរទឹក មិនបានប្រកាសប្រាប់ឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ដឹងជាមុន ។ ជាមួយគ្នានេះដែរ ភាគីឥណ្ឌាបានបញ្ជាក់ថា ការបង្ហូរទឹកនេះ ជារឿងធម្មតា នៅក្នុងរដូវភ្លៀង៕