ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា និងប៉ាគីស្ថាន ជាប្រទេសតែមួយ ត្រូវបែកចែកជាពីរ ក្រោយ ​ឯករាជ្យ​ពី​អង់គ្លេស

ចែករំលែក៖

ការបែងចែកឥណ្ឌា​​ជា​២ បានឈាន​រហូតចែក​ជា​ប្រទេស​ទី៣ទៅទៀត​ គឺ​ គឺ​​បង់ក្លាដែស​ដែល​បែកចេញ​ពី​ប៉ាគីស្ថាន ​​ឯករាជ្យ​ចេញ​ពី​ប៉ាគីស្ថាន​​ ​កាលពី​ឆ្នាំ ១៩៧១ ។ ​ក្រោយ​ទទួលបា​ន​ឯករាជ្យ​ពី​អង់គ្លេស មាន​​ការពុះចែក​ឥណ្ឌា​ ជា​រដ្ឋ២​ គឺ​​​ឥណ្ឌា​ និង​ប៉ាគីស្ថាន​ ។ ការបែងចែក​នេះ គឺដោយសារ​តែ​មាន​សាសនា​២​ គឺ​សាសនា​ហិណ្ឌូ​របស់​ឥណ្ឌា និង​អ៊ីស្លាម​របស់​ប៉ាគីស្ថាន ។ ដើមឡើយ ពេល​មិនទាន់​បែងចែក​ជា​២ប្រទេស​នេះ គឺមាន​សាសនា​អ៊ីស្លាម​ ក្នុង​ឧបទ្វីប​ឥណ្ឌា​រួចទៅហើយ ។ កាលនោះ ​មានការ​បង្កើត​សម្ព័ន្ធ​អ៊ីស្លាមមួយ​ នៅ​Dhaka ក្នុង​ឆ្នាំ​១៩០៦ ។ កាលនោះ សម្ព័ន្ធ​អ៊ីស្លាមមួយ​នេះ ​​មិនបង្កើត​​ឡើង ដើម្បី​ផ្តាច់​ប៉ាគីស្ថាន​​ឲ្យ​ទៅ​ជារដ្ឋ​មួយផ្សេងទៀតទេ គឺ​បង្កើតឡើង​ដើម្បី​ការពារ​សិទ្ធិ​ប្រជាជន​ឥណ្ឌា​ដែល​កាន់​សាសនា​អ៊ីស្លាម​តែ​ប៉ុណ្ណោះ ។ គួររំលឹក​ដែរ​ថា​​ គឺ​លោក​អាលី ជីណា​ ដែល​បាន​ចូលក្នុង​​​សម្ព័ន្ធអ៊ីស្លាម នៅ​ឆ្នាំ​១៩១៣​នេះហើយ ដែល​ជា​អ្នក​ដឹកនាំ​ទៅដល់​ការពុះចែក​ឥណ្ឌា​ដាច់ជា​​២នេះ ។ ​

អ្នកកាន់​សាសនា​អ៊ីស្លាម​កាលនោះ ទទួល​ការ​គំរាម​កំហែងពីអ្នក​កាន់​សាសនា​ហិណ្ឌូ ។ អ្នកកាន់សាសនា​​អ៊ីស្លាម​នៅ​ឧបទ្វីប​ឥណ្ឌា​កាលនោះ នៅ​មាន​ការនឹកនា​ដល់​​ចក្រភព​អ៊ីស្លាមMoghol ដែល​កាន់​​ ​អំណាច​តាំងពី​មុនអង់គ្លេស​ដាក់​អាណានិគមនៅឡើយ ។ ពេលបង្កើត​ដំបូងសម្ព័ន្ធ​អ៊ីស្លាម​មិនទាន់​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ប៉ុន្មានទេ ។ ​

ក្រោយមកទៀត ​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​មាន​អ្នកបោះឆ្នោត​អ៊ីស្លាម​បាន​បែងចែក​ដោយឡែក​ពីអ្នកបោះឆ្នោត​ហិណ្ឌូ ​ធ្វើឲ្យ​ក្នុង​ឆាក​នយោបាយ មានវត្តមាន​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​នឹងគេ​ដែរ ។

ក្នុង​ឆ្នាំ​១៩៤០ សម្ព័ន្ធ​អ៊ីស្លាម​​បាន​សុំឲ្យ​មាន​ការបង្កើត​រដ្ឋមួយដាច់ដោយឡែក ។ លោក​អាលីជីណា ចង់ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​រួបរួមគ្នា ។ ​លោក​តស៊ូ​បានទទួលជោគជ័យ ដោយបាន​ធ្វើឲ្យ​​សម្ព័ន្ធ​អ៊ីស្លាម​​ទទួលបាន​ការគាំទ្រ​ពីអ្នកកាន់​សាសនា​អ៊ីស្លាម​​ភាគច្រើន ។ ពេល​បក្សសមាជ​ទទួល​ជោគជ័យ​ក្នុង​ការបោះឆ្នោត នៅឆ្នាំ​១៩៣៧ សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លា​មមានការ​បារម្ភ​ក៏បាន​នាំគ្នា​ចូល​រួម​ក្នុង​សម្ព័ន្ធ​អ៊ីស្លាម​តែម្តងទៅ ដើម្បី​សម្រេច​គំរោង​បង្កើត​រដ្ឋ​មួយ​ផ្សេងទៀតនោះ ។ ​ យោងតាម​​អ្នកជំនាញ​ ប្រជាជន​កាន់សាសនា​អ៊ីស្លាកាលនោះ ​មិនបាន​យកពាក្យថា​សាសនា​អ៊ីស្លាម​ជាធំទេ ពួកគេ​គិតគូរតែ​ពីប្រយោជន៍​​​សង្គម សេដ្ឋកិច្ច​ និង​ប្រពៃណី​ពួកគេ​តែប៉ុណ្ណោះ ។
​​
ឆ្នាំ​១៩៤៦ អង់គ្លេសនឿយហត់​ដោយសារ​សង្គ្រាម​លោក​​លើកទី២ ក៏​សម្រេច​លែង​បន្តអាណានិគម​ត​ទៅទៀត ។ អង់គ្លេស​ចង់ឲ្យ​ឥណ្ឌា​ដែល​ត្រូវទទួល​ឯករាជ្យ​នោះ ក្លាយជា​​សហភាព​សហព័ន្ធ​មួយ ដែល​ក្នុងនោះ ខែត្របង់ហ្កាល និង​ពិនចាប់ ​ដែល​មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាម អាច​ស្វ័យត​បាន ។ ​ដំបូងទាំង​សម្ព័ន្ធ​អ៊ីស្លាម និង​បក្ស​សមាជ​​​យល់ព្រមតាម​សំណើ​អង់គ្លេស តែក្រោយ​មកទៀត លោក​នេរុ ជា​ប្រធាន​បក្សសមាជ​ប្រែចិត្ត​ទៅវិញ ។ ដោយសារ​រឿងនេះ ហិង្សា​ក៏ផ្ទុះឡើង ​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ ភាគច្រើន​ជាអ្នកកាន់​សាសនា​ហិណ្ឌូ ។ ​

អង់គ្លេសក៏​​បាន​ចាត់ចែង​ឲ្យទ្វីបឥណ្ឌា​ឆាប់ទទួល​បាន​ឯករាជ្យ ដោយ​ចាត់ចែង​​ការពុះចែក​ឥណ្ឌាជា​រដ្ឋ២ គឺ​រដ្ឋឥណ្ឌា​ និង​ប៉ាគីស្ថាន​នេះឯង ។ ហើយ​ឯករាជ្យ​នៃ​ប្រទេស​ថ្មី​ទាំង២នេះ បាន​ប្រកាសឡើង នៅយប់ថ្ងៃ​១៤សីហា​ ចូលព្រឹកថ្ងៃ​១៥ សីហា​ឆ្នាំ​១៩៤៧ ។ ប៉ាគីស្ថាន​កំណត់​យកថ្ងៃ​១៤សីហា​ជាថ្ងៃប្រារព្ធ​​ខួប​ ចំណែក​ឥណ្ឌាកំណត់​​​យកថ្ងៃ​១៥សីហា ។ ​​តាំងពីដើមមកឥណ្ឌានឹងប៉ាគីស្ថានតែងតែគំរាមកំហែងដាក់គ្នាទៅវិញទៅមកដោយប្រទេសទាំងពីរមានបរមាណូដូចគ្នា​ ហើយទេសឥណ្ឌាមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» ដូច្នេះហើយខ្លួនមិនខ្លាចការគំរាម របស់ប៉ាគីស្ថាននោះឡើយ ។

ពេលថ្មីៗនេះនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រាន ម៉ូឌី (Narendra Modi) បានលើកឡើងថា ប្រទេសរបស់លោកមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ ឬ Mother of Nuclear Bombs» ដែលជាហេតុធ្វើឲ្យឥណ្ឌានឹងមិនចុះញ៉មចំពោះអ្វី ដែលរូបលោកបានហៅថា ជាការគំរាមនៃអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានដាច់ខាត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩ ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក លោក Modi បាននិយាយដូច្នេះថា «ប៉ាគីស្ថានច្បាស់ជានឹងគំរាមយើងថា ពួកគេមានគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងប្រើវាភ្លាមបើយើងហ៊ានវាយបក ។ ប៉ុន្តែពួកយើងមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» នៅក្នុងដៃ ដូច្នេះហើយខ្ញុំសូមប្រាប់ទៅកាន់ពួកគេថា ធ្វើអ្វីក៏ធ្វើទៅចុះ តែយើងច្បាស់ជានឹងតដៃទៅវិញជាក់ជាពុំខាន»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានសង្កត់ធ្ងន់ទៀតថា «ប៉ាគីស្ថានបានអាងអាវុធនុយក្លេអ៊ែរ មកគំរាមកំហែងយើងជាយូរណាស់មកហើយ ប៉ុន្តែឥណ្ឌាឥឡូវមិនដូចពីមុនឡើយ ហើយក៏មិនចាញ់ការព្រមានទាំងអស់នេះដែរ» ។ យ៉ាងណាមិញ បើតាមការអះអាងកាលពីចុងខែមីនា របស់មេទ័ពប៉ាគីស្ថានលោក អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) ទីក្រុងអ៊ីស្លាម៉ាបាដបានច្រាន ចោលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែត្រឹមចាត់ទុកអាវុធនេះជា ឧបករណ៍ដើម្បីទប់ស្កាត់កុំឲ្យមានសង្គ្រាមមែនទែន ផ្ទុះឡើងតែប៉ុណ្ណោះ ។

គួរជម្រាបថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែរ ក្នុងដៃដូចគ្នានេះ នៅតែមិនទាន់អន់ថយ ទៅវិញនោះឡើយ ចាប់តាំងតែពីវាបានផ្ទុះឡើងយ៉ាងក្តៅគគុកកាលពីខែកុម្ភៈ នៅពេលកងទ័ពឥណ្ឌាជាង ៤០នាក់បានស្លាប់នៅតំបន់កាស្មៀរ ដោយសារ ការវាយប្រហារដោយអត្តឃាត របស់ក្រុមសកម្មប្រយុទ្ធ ដែលឥណ្ឌាចោទថា មានការគាំទ្រពីប៉ាគីស្ថាន ព្រម ទាំងការប្រយុទ្ធគ្នាតាមផ្លូវអាកាស នៅលើតំបន់ជម្លោះនេះ រវាង យន្តហោះចម្បាំងនៃកងទ័ពអាកាស របស់ប្រទេសទាំងពីរ ។

ក្រៅពីនុយក្លេអ៊ែរ ឥណ្ឌាមានអាវុធដ៏មានប្រសិទ្ធិភាព ទៅលើប៉ាគីស្ថានមួយទៀតគឺ ទឹក ។ រដ្ឋាភិបាលប៉ាគីស្ថាន ​បានប្រកាសឲ្យដឹងថា សកម្មភាពបង្ហូរទឹក​ពីឥណ្ឌា គឺ​ខុសប្រក្រតី ធ្វើឲ្យ​ទឹកទៅកាន់ដងទន្លេ Sutlej ​របស់ប៉ាគីស្ថាន ដែលជាផ្នែកមួយ នៃការខិតខំរបស់រដ្ឋាភិបាលទីក្រុងញូវដេលី​ ក្នុងការបំផ្លាញសន្ធិសញ្ញា រវាងប្រទេសទាំងពីរ ដែលមានមកតាំងពីយូរណាស់មកហើយ ។

សារព័ត៌មាន​ រ៉យទ័រ​ បានផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថាន​ កាលពីថ្ងៃទី​១៩ ខែសីហា បានចោទប្រកាន់ឥណ្ឌា​ថា កំពុងតែធ្វើ «សង្គ្រាមជំនន់ទី​៥»​ ដោយសារតែរដ្ឋាភិបាលទីក្រុងញូវដេលី មិនបានផ្តល់ព័ត៌មានទៅឲ្យរដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាដ ​ស្តីពីការ​បង្ហូរទឹក​ ចេញពីទំនប់ នៅក្នុងប្រទេសឥណ្ឌា ទើ់បបង្កឲ្យមានគ្រោះទឹកជំនន់ នៅតាមព្រំដែន ស្ថិតក្នុងទឹកដីរបស់ប៉ាគីស្ថាន ។

រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសថា សកម្មភាពបង្ហូរទឹក ខុសប្រក្រតីចូលទៅកាន់ ដងទន្លេ Sutlej ​របស់ប៉ាគីស្ថាន ពីឥណ្ឌា គឺជាសកម្មភាពមួយ​របស់ទីក្រុងញូវដេលី ក្នុងការបំផ្លាញសន្ធិសញ្ញា រវាងប្រទេសទាំងពីរ​ ។ ការបង្ហូរទឹកនោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងរាល់សកម្មភាពរបស់ពលរដ្ឋប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែន ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានប្រកាសថា ឥណ្ឌាកំពុងតែ​ប្រើប្រាស់ «សង្គ្រាមជំនន់ទី​៥» ទៅលើប្រទេសប៉ាគីស្ថាន ដោយបង្ហូរទឹក មិនបានប្រកាសប្រាប់ឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ដឹងជាមុន ។ ជាមួយគ្នានេះដែរ ភាគីឥណ្ឌាបានបញ្ជាក់ថា ការបង្ហូរទឹកនេះ ជារឿងធម្មតា នៅក្នុងរដូវភ្លៀង៕


ចែករំលែក៖