កន្លងមក អាមេរិក បានស្នើដល់បណ្តាក្រុមហ៊ុន ស្ថាប័ននានារបស់រដ្ឋ ក៏ដូចជា ក្រសួងការពារជាតិឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ចិន ដែលអាច ស៊ើបការសម្ងាត់ពីអាមេរិក ។ ការហាមប្រាមនោះគ្រាន់តែជាហេតុផល មួយដើម្បីវាយប្រហារ ទៅលើក្រុមហ៊ុនចិនដែលកំពុងតែរីកចំរើននៅលើពិភពលោកតែប៉ុណ្ណោះ។
នៅពេលនេះ គេបានរកឃើញ ទីតាំងរដ្ឋាភិបាលអាមេរិកនៅតែបន្តប្រើប្រាស់កាមេរ៉ា ផលិតដោយប្រទេសចិនដដែល។ ទីតាំងសំខាន់ៗ របស់អាមេរិក ក្នុងនោះមានទីតាំងយោធា ទីតាំងរដ្ឋាភិបាល របស់អាមេរិកនៅតែបន្តប្រើប្រាស់ កាមេរ៉ាសន្តិសុខ តាមដានផលិតដោយប្រទេសចិនដដែលបើទោះបី រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហាមប្រាមប្រើប្រាស់ ដោយមូលហេតុសន្តិសុខក្តី។
ក្រុមហ៊ុនបច្ចេកវិទ្យា Forescout បានគត់សម្គល់ឃើញថា មានកាមេរ៉ាសុវត្ថិភាពដល់ទៅជិត៣ពាន់គ្រឿង ផលិតដោយប្រទេសចិនកំពុងតែប្រើប្រាស់ នៅក្នុងស្ថាប័នសំខាន់ៗ។ ប៉ុន្តែ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។
កាលពីឆ្នាំ២០១៨សភាអាមេរិក បានអនុម័ត ច្បាប់ការពារជាតិ NDAA ក្នុងនោះ បានហាមប្រាម ស្ថាប័នសំខាន់ៗ របស់អាមេរិក ប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei , ZTE, Hytera, Hikvision និង Dahua ដោយបារម្ភពីសន្តិសុខ ខ្លាចចិនស៊ើបយកការណ៍សម្ងាត់ពីអាមេរិក។ ជាមួយគ្នានោះក៏បានហាមប្រាមប្រើប្រាស់ កាមេរ៉ារបស់ចិនផងដែរ។
ប៉ុន្តែនៅពេលនេះ កាមេរ៉ាសុវត្ថិភាព របស់ចិនត្រូវបានគេមើលឃើញមាននៅគ្រប់ទិសទី ក្នុងទីតាំងសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក ។ នៅពេលនេះក្រសួងសន្តិសុខជាតិអាមេរិក មិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនៅឡើយទេ។
ច្បាប់ហាមប្រមប្រើប្រាស់ ផលិតផលរបស់ចិន បានជួបនៅឧបស័គយ៉ាងខ្លាំងដោយសារតែអាមេរិក មិនទាន់អាចរកផលិតផល ផ្សេងទៀតមកជំនួសបាន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ អាមេរិក មួយរូប បានលើកឡើងថា ក្រុមជំនាញអាមេរិកបានត្រួតពិនិត្យ សុវត្ថិភាព ដោយមិនចាំបាច់ផ្លាស់ប្តូរនោះឡើយ៕