ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ ពលរដ្ឋរាប់ពាន់​នាក់ត្រូវជម្លៀស

ចែករំលែក៖

ក្រុមពន្លត់អគ្គិភ័យ​រាប់ពាន់នាក់ នៅតែមិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃ នៅក្នុងរដ្ឋ​កាលីហ្វរញ៉ា បាននៅឡើយទេ​។ មកទល់ពេលនេះព្រៃឈើរាប់ម៉ឺនហិតារងការបំផ្លាញ​។

សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩បានផ្សាយថា​អភិបាលរដ្ឋកាលី​ហ្វរញ៉ា​បានសម្រេចដាក់រដ្ឋដ៏ធំមួយនេះ ទៅក្នុងគ្រាអាសន្ន ខណៈភ្លើង​ឆេះព្រៃយ៉ាងស​ន្ធោស​ន្ធៅ បាននិងកំពុងកើតមានឡើងជាច្រើនកន្លែង នៅក្នុងរដ្ឋភាគ​និរតីសហរដ្ឋអាមេរិកមួយនេះ។ 

ទីភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំរដ្ឋកាលីហ្វរញ៉ាបានឲ្យដឹងថា ភ្លើងឆេះព្រៃឈ្មោះ ឃីនខេដ (Kincade Fire) ដែលស្ថិតនៅភាគខាងជើងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ បាននិងកំពុងឆាបឆេះ និងរាលដាលដល់ផ្ទៃដីទំហំ ១២,០០០ហិកតានាចុងមុនសប្តាហ៍នេះ និងទំនងជា​ភ្លើងឆេះ​ព្រៃអាក្រក់បំផុតនៅកាលីហ្វរញ៉ានាឆ្នាំនេះ។
វាគឺជាភ្លើងឆេះព្រៃធំជាងគេ​បង្អស់ ក្នុងចំណោមភ្លើងឆេះព្រៃដែលកំពុងកើតមានឡើងនៅ តំបន់ជាច្រើនទៀតក្នុងរដ្ឋកាលីហ្វរញ៉ា។ រីឯនៅភាគខាងត្បូងរដ្ឋ ក៏មានភ្លើងឆេះព្រៃធំ​មួយ​ទៀតផងដែរហៅថា ធីក (Tick Fire) នៅភាគខាងជើងទីក្រុងឡូសអាន់ជែលឡែស (L.A)។

គួរជម្រាបថា មនុស្សប្រមាណ ១៨០,០០០នាក់នៅកាលីហ្វរញ៉ា ត្រូវបានអាជ្ញាធររដ្ឋបង្គាប់​ឲ្យត្រៀមខ្លួនចេញជាបន្ទាន់។ ខណៈភ្នាក់ងារ ពន្លត់អគ្គីភ័យអាមេរិកខ្ទង់ ៣,០០០នាក់​កំពុងប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃ Kincade វាត្រូវគេរំពឹងថា នឹងមិនអាច​រលត់ទាំងស្រុងបានភ្លាមៗនោះឡើយ គឺអាចចំណាយពេល​ច្រើនសប្តាហ៍​ទៀត។ កាលពី​ឆ្នាំ២០១៨ ភ្លើងឆេះព្រៃដ៏អាក្រក់ជាងគេបំផុតនៅរដ្ឋកាលីហ្វរញ៉ា បានផ្តាច់ជីវិត​មនុស្សស​រុប ៨៦នាក់៕


ចែករំលែក៖