ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចមេគោផើម៧ខែ ១ក្បាលយកទៅកាបសម្លាប់ពន្លះយកសាច់លក់

ចែករំលែក៖

ភ្នំពេញ៖ ចោរ១ក្រុមបានបានធ្វើសកម្មភាពលួចដឹកយក មេគោផើម៧ខែ១ក្បាលយកទៅកាប់សម្លាប់ពន្លះយកសាច់ទៅបាត់កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌកំបូល លុះដល់ម៉ោង៦និង៣០នាទី ព្រឹកឡើងថ្ងៃទី២៨ ខែតុលា ទើបប្រទះឃើញក្បាល កន្ទុយ ជើង ល្បែក ព្រមទាំងកូនដែលចោរវះយកចេញពីពោះមេ១ក្បាលប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះកាក់ រិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ នៅមុនពេលកើតហេតុគាត់បានដឹកមេគោខាងលើរួមនិងមេគោ២ក្បាលផ្សេងទៀតចងនៅក្នុងក្រោលស្ថិតនៅខាងក្រោយផ្ទះរបស់គាត់។លុះដល់វេលាយប់ថ្ងៃដដែលទើបចូលដេក រហូតដល់វេលាម៉ោង១១យប់ ដោយសារតែមេឃធ្លាក់ភ្លៀងធ្លាក់ បុរសម្ចាស់ផ្ទះបានក្រោកចេញទៅមើលឥវាន់នៅខាងក្រៅព្រមទាំងត្រងទឹកភ្លៀងទុកប្រើប្រាស់។

ប្រភពដដែលបានបន្តទៀត ខណៈនោះមើលទៅក្នុងក្រោលស្រាប់តែបាត់មិនឃើញមេគោផើម១ក្បាលខាងលើ ទើបមានការភ្ញាក់ផ្អើលហើយសាច់ញាតិម្ចាស់គោរួមទាំងអ្នកជិតខាងបាននាំគ្នាតាមរកទាំងភ្លៀង លុះដល់ម៉ោងព្រឹកឡើងថ្ងៃទី២៨ ខែតុលា ទើបក្មេងៗនៅក្នុងភូមិដឹកគោយកទៅចងនៅវាលស្រែប្រទះឃើញក្បាល កន្ទុយ ជើង ល្បែក ព្រមទាំងកូនដែលចោរវះយកចេញពីពោះមេ១ក្បាល។ក៏បានរត់ទៅប្រាប់ម្ចាស់គោជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលជាលើកទី២ទៀតហើយម្ចាស់បានទៅប្រមូលយកបណែកសាកសពគោត្រឡប់ទៅផ្ទះវិញដើម្បីលក់គ្រាន់បានប្រាក់ខ្លះៗគ្រាន់បើជាងអត់សោះ ៕ សុខាសែនជ័យ​


ចែករំលែក៖