ការរញ្ជួយដីគួឲ្យបារម្ភបានកើតឡើង នៅប្រទេសជិតខាងកម្ពុជា គឺ ថៃ និងឡាវ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីការរញ្ជួយដីទ្រង់ទ្រាយធំកើតឡើង។
ភ្នាក់ងារសិក្សាស្រាវជ្រាវអំពីការរញ្ជួយដី(EMSC)បានបញ្ជាក់ថា ការរញ្ជួយដីកម្រិត៦រ៉ិចទ័របានវាយប្រហារនៅភាគពាយព្យ ប្រហែល២១៩គីឡូម៉ែត្រ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានជម្រៅប្រហែល១០គីឡូម៉ែត្រ ។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិត ឬមួយក៏ខូចខាតលំនៅឋានប្រជាពលរដ្ឋ ត្រូវបានគេរាយការណ៍នៅឡើយទេ ។ ប្រភព EMSC បានបញ្ជាក់ថា ការកក្រើកញាប់ញ័រផែនដីនេះបានធ្វើឲ្យញាប់ញ័រទៅដល់ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីចំណុចកណ្តាល នៃការរញ្ជួយដីនេះ ។
ប៉ុន្តែក្រោយមក EMSC អះអាងថា ការរញ្ជួយដីនេះ ទំហំតែ ៥.៧រ៉ិចទ័រនោះទេ ។ ដំណាលពេលជាមួយគ្នានេះដែរ នៅប្រទេសថៃ ក៏មានសេចក្តីរាយការណ៍ថា មានគ្រោះរញ្ជួយដីទំហំ៦.១រ៉ិចទ័រផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានផ្សាយថា ការរញ្ជួយដីនៅពេលនេះមានជម្រៅប្រហែល១០គីឡូម៉ែត្រ និងមានចម្ងាយប្រហែល៩២គីឡូម៉ែត្រ ភាគឦសានពីទីក្រុងមឿងណាន ។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១១ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ាហើយកក្រើកញាប់ញ័រដល់តំបន់ព្រំដែនជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ៕