ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់កាន់តែធ្ងន់ ក្រោយខ្មាន់កាំភ្លើង បាញ់ប្រហារទៅលើហ្វូងបាតុករ

ចែករំលែក៖

បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ឈានដល់ដំណាក់កាលអាក្រក់បំផុត​ ក្រោយពេល ខ្មាន់កាំភ្លើងអង្គុយនៅលើរថយន្ត កាលពីថ្ងៃទី​៦ ខែធ្នូ បានបាញ់ប្រហារទៅលើក្រុមបាតុករ នៅទីលាន​ Khilani ក្នុងរដ្ឋធានីបាដាដ បណ្តាលឲ្យបាតុករ១៥នាក់ស្លាប់ និងជាង​៦០នាក់រងរបួស។ មន្ត្រីសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានប៉ូលិសពីរនាក់ផងដែរ​។

ក្រុមបាតុករបានភ័យស្លន់ស្លោ ក៏នាំគ្នារត់ចេញពីទីលាន​ Khilani ទៅកាន់ទីលាន​ Tahrir ​និងព្រះវិហារ​អ៊ីស្លាម នៅក្បែរៗនោះ ដើម្បីលាក់ខ្លួន។ ប៉ុន្ដែរហូតមកទល់ពេលនេះ គេមិនទាន់ដឹងពីគោលបំណង នៃការបាញ់ប្រហារខាងលើនៅឡើយដែរ។

ការបាញ់ប្រហារនេះ បានកើតឡើងក្រោយពេលក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានបិទស្ពាន​ Jumhuriya , Sinak និង​ Ahar ​។​ ការបិទស្ពាននោះ បង្កឲ្យប៉ះទង្គិចគ្នា ​រវាង​កម្លាំងសន្តិសុខ និងបាតុករ ដោយសារផ្លូវ និងស្ពាននោះ ឆ្ពោះទៅកាន់ទីតាំង​រដ្ឋាភិបាល​។ បាតុករម្នាក់បានលើកឡើងថា «ពេលនេះអាយុជីវិតរបស់យើង រងការគំរាមកំហែង​​ ដោយគ្រាប់កាំភ្លើងពិត​ ហើយប្រព័ន្ធអគ្គិសនី ក៏ត្រូវកាត់ផ្តាច់អស់» ទៀត។

ការបាញ់ប្រហារខាងលើ បានកើតឡើង ក្រោយពេលមានករណីវាយប្រហារដោយកាំបិតជាច្រើន បានកើតឡើងទៅលើក្រុមបាតុករ នៅទីលាន​ Tahrir ដោយបាន​បណ្តាលឲ្យមនុស្ស១៣នាក់រងរបួស ។ បាតុកម្ម​នេះ បានចាប់ផ្តើម តាំងពីថ្ងៃទី​១ ខែតុលាមកម៉្លេះ ហើយរហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ បានកើនឡើង រហូតដល់ទៅជាង​៤០០នាក់ ​និងប្រហែលជិត២នាក់ផ្សេងទៀត រងរបួស​។

ភាគច្រើន បាតុករគឺជាក្រុមអ៊ីស្លាមនិកាយ Shia ​ ប្រឆាំងទៅនឹងអំពើពុករលួយ ​សេវាកម្មសាធារណៈទន់ខ្យោយ គ្មានគុណភាព ពលរដ្ឋគ្មានការងារធ្វើ កើនឡើងខ្ពស់៕


ចែករំលែក៖