ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្វាយរៀងបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងរុះរើការលក់ដូរលើចិញ្ចើមផ្លូវសាធារណះក្នុងក្រុងបន្ទាប់ពីណែនាំច្រើនដងមិនស្ដាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោក សរ សុ ដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងបានដឹកនាំកម្លាំងនគរបាលកងរាជអាវុធហត្ថក្រុងលោកចៅសង្កាត់ប៉ុស្តិ៍រដ្ឋបាលស្វាយរៀង និងមន្ត្រីសាលាក្រុង បាន ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនានាជំវិញក្រុងស្វាយរៀង ពិសេសចំណតរថយន្ត និង ជុំវិញផ្សារវាលយន្ត មុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង និងរង្វង់មូលមុខមន្ទីរអបរំយុវជន និងកីឡាខេត្តស្វាយរៀង និងប្រើធម៌ក្ដៅរុះរើការដាក់តាំងលក់របស់អាជីករសង់លយគ្មានសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈ បន្ទាប់ពីចេញសេចក្ដីជូនដំណឹង និងណែនាំអប់រំជាច្រើនលើកមកហើយ ។

លោកសរ សុ ដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថាការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈពីមន្ត្រីពាក់ព័ន្ធ ដើម្បីទប់ស្កាត់រាល់ការរំលោភបំពានផ្សេងៗ ពីក្រុមអាជីវករលក់ដូរ ដែលបានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋមកប្រើប្រាស់ធ្វើអាជីវកម្មផ្ទាល់ខ្លួន នោះឃើញថាមានភាពល្អប្រសើរជាងមុន។

លោកអភិបាលរងក្រុងស្វាយរៀងក៏បានណែនាំដល់ឲ្យក្រុមអាជីវករលក់ដូរទាំងអស់ ដែលបានយកចិញ្ចើមផ្លូវមកប្រើប្រាស់ ត្រូវតែអនុវត្តតាមការណែនាំជានិច្ច របស់រដ្ឋបាលក្រុងស្វាយរៀងនៅការបាញ់គំនូសសញ្ញា ចាប់ពីអក្សចិញ្ចើមផ្លូវប្រវែង១ម៉ែត្រកន្លះ ក្នុងការរក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ បើមិនដូច្នេះទេអាជ្ញាធរ និងចាត់វិធានការតាមផ្លូវច្បាប់។

លោកបានបន្ថែមថា ក្រុមការងាររបស់លោកក្នុង១ខែចុះរៀបចំសណ្ដាប់ធ្នាប់ជំវិញផ្សារ និងតាមផ្លូវជាតិសំខាន់ក្នុងក្រុង៤ទៅ៥ដងគោលបំណងឲ្យមានសោភ័ណភាពទីក្រុង និងមានអនាម័យគ្មានសំរាមហើយការចុះនៅពេលនេះបងប្អូនក្រុមអាជីវករលក់ដូរមានការយល់ដឹងច្រើនចំពោះក្រុមការងារ ហើយ ជឿជាក់ថាបងប្អូននឹងភ្ញាក់រលឹកហើយនឹងចូលរួមទាំងអស់គ្នាដើម្បីកែរលំអរមុខមាត់ក្រុងខេត្តយើងផងដែរដូចពាក្យស្លោក «សណ្តាប់ធ្នាប់ល្អ សោភណ្ឌ័ភាពល្អ ចាប់ផ្តើមពីខ្លួនយើង» ៕ យឹម សុថាន


ចែករំលែក៖