កូរ៉េខាងជើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីល «សាកល្បងដ៏យ៉ាងសំខាន់»មួយ នៅឯទីតាំងបាញ់រ៉ុក្កែតរយៈចម្ងាយវែងរបស់ខ្លួន ហើយដែលនឹងប៉ះពាល់ដល់ផលជាវិជ្ជមាន នៅក្នុងគោលជំហរយុទ្ធសាស្ត្ររបស់ប្រទេសនេះ ។
ភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA)បានផ្សាយថា ការបាញ់សាកល្បងនេះ ស្ថិតនៅទីតាំងបាញ់ផ្កាយរណប Sohae ទីតាំងនៅ Tongch’ang-ri តំបន់ Cholsan ខេត្ត North Pyongan កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ (ពេលវេលានៅក្នុងតំបន់) ។ ប្រភពបានបញ្ជាក់ទៀតថា លទ្ធផលនៃការបាញ់សាកល្បងនេះ ត្រូវបានរាយការណ៍ទៅកាន់គណៈកម្មការមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង ដែលកាន់អំណាច ។
ប្រភព KCNA បានបន្តថា ការបាញ់សាកល្បងនេះ នឹងក្លាយទៅជាផលវិជ្ជមានដ៏សំខាន់មួយនៅក្នុងការប្តូរផ្លាស់គោលជំហរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងនៅពេលអនាគតឆាប់ៗខាងមុខ ។
ប្រភពមិនបានផ្សាយនោះទេថា តើមីស៊ីលប្រភេទអ្វីដែលត្រូវបានបាញ់សាកល្បងនៅពេលនេះ ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយខ្លះផ្សាយថា រូបភាពផ្កាយរណបចាប់បានបង្ហាញឲ្យឃើញថា កូរ៉េខាងជើងទំនងជាបាននិងកំពុងរៀបចំបន្តសាកល្បងម៉ាស៊ីនទាំងឡាយដែលប្រើប្រាស់ដើម្បីផ្តល់ថាមពលដល់ការបាញ់សាកល្បងផ្កាយរណបនៅទីតាំងនោះ ។
គួរបញ្ជាក់ថា ព័ត៌មានអំពីការសាកល្បងដែលគេហៅថា មានលក្ខណៈយ៉ាងសំខាន់នេះ កើតមាននៅពេលដែលកូរ៉េខាងជើងកំពុងបង្កើនដាក់គំនាបទៅលើអាមេរិក ឲ្យធ្វើសម្បទាននៅក្នុងបញ្ហាជាប់គាំងស្តីអំពីកិច្ចពិភាក្សាអាវុធនុយក្លេអ៊ែរ ។
អង្គការសហប្រជាជាតិបានហាមប្រាមកូរ៉េខាងជើងពីការបាញ់បង្ហោះផ្កាយរណប ពីព្រោះអង្គការសហប្រជាជាតិចាត់ទុកថា វាជាការបាញ់សាកល្បងនូវបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយប៉ុណ្ណោះ ។
ក្រោយបរាជ័យម្តងជាពីរដង, មកដល់ឆ្នាំ២០១២ ជាលើកដំបូង កូរ៉េខាងជើងបានជោគជ័យបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ហើយការបាញ់បង្ហោះនោះ បាញ់ចេញពីទីតាំងបាញ់ផ្កាយរណប Sohae តែមួយដូចគ្នា ។ កាលពីឆ្នាំ២០១៦ កូរ៉េខាងជើងក៏បានបាញ់បង្ហោះផ្កាយរណបប្រកបដោយជោគជ័យជាបន្តបន្ទាប់ផងដែរ ៕