ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សយ៉ាងតិច​៤៣នាក់​បាត់បង់ជីវិតនៅឥណ្ឌាដោយសារភ្លើងឆេះរោងចក្រ

ចែករំលែក៖

ប្រភពព័ត៌មានប៊ីប៊ីស៊ី​បានផ្សាយថា មនុស្ស​ជាច្រើននាក់​បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រ​នៅក្នុងតំបន់ប្រជុំជន ក្នុងប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃអាទិត្យ ទី​៨ ខែធ្នូ ឆ្នាំ២០១៩ ។ មូលហេតុ​បណ្តាលឲ្យអគ្គិភ័យ​នៅមិនទាន់ដឹងនៅឡើយទេ អាជ្ញាធរឥណ្ឌា​ថា បាននិងកំពុងស៊ើបអង្កេត ។

ប្រព័ន្ធផ្សព្វផ្សាយ​ឥណ្ឌា​បានផ្សាយថា ហេតុការណ៍អគ្គិភ័យភ្ញាក់ផ្អើលនៅវេលាម៉ោង​៥និង​៣០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ហើយរហូតដល់ម៉ោង៩និង៣០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ មនុស្ស​៥៦នាក់​ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។ ប្រភពព័ត៌មានខ្លះបានផ្សាយថា មនុស្សយ៉ាងតិច​៤៣នាក់​បានបាត់បង់ជីវិត។

ហេតុការណ៍អគ្គិភ័យ​ទ្រង់ទ្រាយធំ​ឆេះអគាររោងចក្រកម្ពស់​៦ជាន់​នៅក្នុងតំបន់ Anaj Mandi រដ្ឋ Delhi ប្រទេសឥណ្ឌា ។ ជនរងគ្រោះសន្លប់ដោយសារថប់ដង្ហើម ។ មនុស្សជាច្រើន​សិបនាក់ផ្សេងទៀត​បានរងរបួស ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី បានសម្តែង​ទុក្ខសោក​ចំពោះសោកនាដកម្ម​នេះ ។ ផ្នែកពាក់ព័ន្ធទាំងអស់​នឹងផ្តល់ជំនួយ​ជួយដល់ជនរងគ្រោះ​ក្នុងហេតុការណ៍សោកនាដកម្មនេះ ។

សាក្សី​បាននិយាយថា ភ្លើងបានឆេះ​អំឡុងពេលដែលកម្មករកំពុងនាំគ្នាដេកលង់លក់ ។ ទីតាំងដែលឆេះគឺជា​កន្លែងស្តុកកាបូបសាលារៀន, ស្តុកទុកដប និងសម្ភារវត្ថុធាតុដើម​ដទៃផ្សេងទៀត ៕


ចែករំលែក៖