គេសង្កេតឃើញសញ្ញាមួយវិជ្ជមានដ៏កម្របំផុតបានកើតឡើង រវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិក ហើយនិងអ៊ីរ៉ង់ ដែលបានប្រកាសដោះដូរអ្នកទោសគ្នា ។ អ៊ីរង់ដោះលែងអ្នកទោសអាមេរិកម្នាក់, អាមេរិកវិញ ដោះលែងអ្នកទោសអ៊ីរ៉ង់ម្នាក់ដែរ។ មន្ត្រីការទូតប្រទេសស៊ី្វសជាអ្នកដើរតួអាជ្ញាកណ្តាលសម្រេចកិច្ចការនេះផងដែរ ។
នៅប៉ុន្មានម៉ោងក្រោយពីការដោះដូរអ្នកទោសម្ខាងម្នាក់, លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងនៅលើបណ្តាញ ធ្វីតធើ ថា «អរគុណចំពោះអ៊ីរ៉ង់ដែលមានការពិភាក្សាគ្នាដោយយុត្តិធម៌ ។ សូមមើល យើងអាចធ្វើនូវកិច្ចព្រមព្រៀងជាមួយគ្នាបាន»។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសរៀងៗខ្លួន ដោះដូរអ្នកទោសគ្នា ម្ខាងម្នាក់។ អាមេរិកបានដោះលែង អ្នកទោសជនជាតិអ៊ីរ៉ង់ម្នាក់ ឈ្មោះ Massoud Soleimani ចំណែកអ៊ីរ៉ង់វិញ បានដោះលែងអ្នកទោសជនជាតិអាមេរិក ដើមកំណើតចិនម្នាក់ ឈ្មោះ Wang Xiyue។ វាជាកត់សម្គាល់ថា និងជាករណីកម្របំផុត អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាត្រូវរ៉ូវគ្នា រហូតឈានដល់ព្រមព្រៀងដោះលែងអ្នកទោស ចំពេលដែលប្រទេសទាំង២កំពុងគំរាមកំហែងដាក់គ្នាទាំងសម្តី ហហើយនិងអាវុធផងដែរ ។
ប្រភពព័ត៌មាន លើកឡើងថា លោក Wang Xiyue ជនជាតិអាមេរិក មានដើមកំណើតចិន គឺជាអ្នកស្រាវជ្រាវ សរសេរនិក្ខេបបទថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ Princeton ។ លោកត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួន នៅពេលដែលលោកចុះទៅស្រាវជ្រាវនៅអ៊ីរ៉ង់ នៅឆ្នាំ២០១៦ ។ តុលាការអ៊ីរ៉ង់ បានកាត់ទោសលោក ឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ពីបទធ្វើចារកិច្ច។ ចំណែកលោក Massoud Soleimani សាស្ត្រាចារ្យជនជាតិអ៊ីរ៉ង់ ជាអ្នកស្រាវជ្រាវជំនាញកោសិកា សរីរាង្គ។ លោក Massoud Soleimani ត្រូវបានសមត្ថកិច្ចអាមេរិក ចាប់ឃាត់ខ្លួន នៅឯព្រលានយន្តហោះChicago នៅខែតុលា ឆ្នាំ២០១៨ ដោយចោទថាលោកបានបន្លំបញ្ជូនសមាធាតុជីវសាស្ត្រ ចេញពីអាមេរិក ទៅអ៊ីរ៉ង់ ៕