ភ្នំពេញ៖ នាយកក្រុមហ៊ុន ស៊ីងបាយអូថេក(Think Bio-Tech) លោក លូ ឈូឆាង បានថ្លែងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៩ នេះថាការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់ក្រុមជនឱកាសនិយមមួយចំនួនដែលជ្រកក្រោមស្លាកសកម្មជនបរិស្ថានដែលថាក្រុមហ៊ុនស៊ីងបាយអូថេកកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍គឺជាការលាបពណ៌ដ៏ពិសពុលបំផុតប្រឆាំងនឹងក្រុមហ៊ុន និងមានរបៀបវារៈនយោបាយនៅពីក្រោយខ្នង ចិញ្ចឹមទំនាស់ប្រឆាំងនឹងការវិនិយោគទុនស្របច្បាប់។
លោក លូ ឈូឆាង បានគូសបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក មិនបានទទួលទិញឈើពីខាងក្រៅឡើយ គឺប្រមូលតែអនុផលព្រៃឈើ ដែលមាននៅក្នុងតំបន់ដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់តែប៉ុណ្ណោះ និងបានបង់ពន្ធសួយសារតាមច្បាប់កំណត់ត្រឹមត្រូវ។
លោកនាយកក្រុមហ៊ុន ស៊ីងបាយអូថេករូបនេះ បានថ្លែងឲ្យដឹងផងដែរថា ក្រុមហ៊ុនធ្វើសកម្មភាពស្របតាមកិច្ចសន្យា និងនៅលើទំហំផ្ទៃដីដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបានស្នើដល់ក្រុមសកម្មជនបរិស្ថានដែលទទួលថវិកាពីបរទេសដើម្បីធ្វើសកម្មភាពប្រឆាំងនឹងការរីកចម្រើនកម្ពុជាត្រូវបញ្ឈប់ជាបន្ទាន់នូវការគិតបែបអវិជ្ជមាន និងការចោទប្រកាន់ដែលមានលក្ខណៈមួលបង្កាច់ខុសពីការពិត និងឈរលើមូលដ្ឋានព័ត៌មានមិនពិត និងមានលក្ខណៈនយោបាយប្រឆាំងនឹងក្រុមហ៊ុនលោក។ លោក លូ ឈូឆាង បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនស៊ីងបាយអូថេកក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះ ដែលមានដីទំនេរដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។
កាលពីថ្ងៃសុក្រ លោក លូ ឈូឆាង នាយកក្រុមហ៊ុន ស៊ីងបាយអូថេកបានថ្លែងឱ្យដឹងថា នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខាងមុខ ក្រុមហ៊ុន ស៊ីងបាយអូថេក មានផែនការដាំកូនឈើជាង ៣០លានដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់ សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត។ តាមការឱ្យដឹងរបស់លោក លូ ឈូឆាង រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការដាំកូនឈើបានចំនួន ៩៣៧ហិកតា ដែលមានកូនឈើចំនួន ១,១លានដើម ដែលជាប្រភេទដើមប្រេងខ្យល់ដែលរំពឹងថានឹងអាចទទួលផល នៅក្នុងរយៈពេល ៥ឆ្នាំទៀត។ ការដាំចម្ការឈើចំនួន ៩៣៧ ហិកតានេះត្រូវបានលោក លូ ឈូឆាង បានថ្លែងថាធ្វើ ឡើងត្រឹមតែរយៈពេល ៤ ខែតែប៉ុណ្ណោះក្រោយពេលទទួលបានសិទ្ធិគ្រប់គ្រងពេញលេញតាមផ្លូវច្បាប់ពី ក្រុមហ៊ុនកូរ៉េមក។ លោក លូ ឈូឆាង ថ្លែងថា នៅអំឡុងពេលគ្រប់គ្រងដោយវិនិយោគិនកូរ៉េ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុនស៊ីងបាយអូថេក បានដាំចម្ការឈើចំនួនជាង ៤០០០ ហិកតា ប៉ុន្តែបានខូចខាតភាគច្រើនដោយសារតែមានភ្លើងឆេះ ហើយបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំថ្មីនៃក្រុមហ៊ុនស៊ីងបាយអូថេកដែលត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅខែធ្នូ ឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ បានគិតគូរ និងរៀបចំបន្តផែនការលើការដាំចម្ការឈើដើម្បីបម្រើឱ្យឧស្សាហកម្មឈើកែច្នៃដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ បម្រើឱ្យវិស័យសំណង់។
លោកក៏បានឱ្យដឹងផងដែរថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ក្រុមហ៊ុន ស៊ីងបាយ អូថេក បានចាប់ផ្តើមឈូសឆាយលើផ្ទៃដីទំហំ ៥០០០ហិកតា ហើយគ្រោងនឹងចាប់ផ្តើមដាំដុះកូនឈើនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ លើផ្ទៃដីដែលបានឈូសឆាយទាំងអស់ ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើម។ នៅឆ្នាំ ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការឈូសឆាយលើផ្ទៃដី ១០ ០០០ហិកតាក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួនជាង ២៥លានដើម។ ផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ។ លោក លូ ឈូឆាង បានថ្លែងបន្តថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន ១០លានដើមក្នុងមួយឆ្នាំ ដើម្បីធ្វើការដាំដុះតាមផែនការអាជីវកម្មរបស់ខ្លួន ព្រោះក្រុមហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើតាមបច្ចេកទេស។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុន Angkor Plywood មិនមានការជាប់ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មកែច្នៃឈើជាមួយក្រុមហ៊ុន ស៊ីង បាយអូថេក ដូចមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់នោះឡើយ។
លោកបានអះអាងថា ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លើផ្ទៃដីសរុបទំហំ ៣៤ ០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកមានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដី ដែលបានទទួល សិទ្ធិប្រើប្រាស់ សម្រាប់ធ្វើចម្ការឈើដាំបម្រើ ក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយ សារ និងបុព្វលាភផលអនុផលព្រៃឈើ ដែលបានពីការឈូសឆាយដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ នៅក្នុងអនុតំបន់ ផ្សេងៗរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់៕
ដោយ៖ សហការី