ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់សញ្ជាតិ​កំពុងបង្កឲ្យមានវិបត្តិនយោបាយនៅក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

ពលរដ្ឋឥណ្ឌា បើកការតវ៉ា ដោយធ្វើបាតុកម្ម ប្រឆាំង​ច្បាប់ សញ្ជាតិដ៏ចម្រូងចម្រាស​។ នៅពេលនេះនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្ដីជប៉ុន បានផ្អាកដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា ដោយសារតែប្រជាពលរដ្ឋ នៃប្រទេសនេះ បានផ្ទុះ ការតវ៉ា ប្រឆាំងនឹងច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស។

យោងតាមសេចក្ដីរាយការណ៍​នៅក្នុងតំបន់ បានឲ្យដឹងថា ការផ្ទុះឡើងនូវការតវ៉ា ប្រឆាំងនឹងច្បាប់សញ្ជាតិនេះ បានកើតឡើង  នៅក្នុងទីក្រុង Gauhati​ នាភាគឦសាន នៃរដ្ឋ Assam ជាកន្លែង ដែលលោកនាយករដ្ឋមន្រ្ដី អាបេ គ្រោងនឹងជួបជាមួយ​នឹង​សមភាគី​ឥណ្ឌារបស់លោក គឺលោក Narendra Modi ។ ការតវ៉ានេះ ក៏មានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសផងដែរ ដោយបានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង១១នាក់ផ្សេងទៀត​រងរបួស។

ប្រភពព័ត៌មាន​ដដែល បានបន្ដថា ការតវ៉ានេះ បានផ្ទុះឡើង​ កាលពីថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៩  ដោយមានការចូលរួមពីក្រុមនិស្សិត ពលរដ្ឋ សិល្បករ តារាចម្រៀង រួមទាំង​តារា​តួកុន​​ផងដែរ។ ក្រុមអ្នកតវ៉ា​ឥណ្ឌា​បាននាំគ្នា​ធ្វើកូដកម្ម​បង្កត់​អាហារ​ រយៈពេល​មួយថ្ងៃពេញ ដើម្បីប្រឆាំងនឹងច្បាប់​ថ្មី​របស់រដ្ឋាភិបាល ដែលបានធ្វើវិសោធននកម្ម (កែប្រែ) ផ្តល់សញ្ជាតិ​ឥណ្ឌាដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ​មកពីប្រទេស​ជិតខាង​ ដែលរស់នៅ​លើទឹកដីឥណ្ឌា​ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

យោងតាមការចេញផ្សាយ​របស់សារព័ត៌មានឥណ្ឌា the Press Trust of India បានបញ្ជាក់ថា ច្បាប់ថ្មី​ដ៏ចម្រូងចម្រាសនេះ គឺផ្តល់សញ្ជាតិ​ដល់ជនអន្តោប្រវេសន៍​ខុសច្បាប់​ កាន់សាសនា ដូចជា សាសនាហិណ្ឌូ សាសនា Sikhs សាសនាព្រះពុទ្ធ សាសនាគ្រឹស្ដ សាសនា Jain និងអ្នកសាសនា​ Parsis ។ ជនអន្ដោប្រវេសន៍ទាំងនោះ​បានមករស់​នៅលើទឹកដីឥណ្ឌា ដោយចូលមក​ពីប្រទេសជិតខាង ដូចជា ប៉ាគីស្ថាន បង់ក្លាដែស និង​អាហ្វហ្គានីស្ថាន នៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ ដោយសារតែការតវ៉ានេះ ទើបរដ្ឋាភិបាល​ឥណ្ឌា បានសម្រេចដាក់បម្រាមគោចរ ដោយគ្មានកាលកំណត់។

បើតាមគម្រោង នាយករដ្ឋមន្រ្ដីឥណ្ឌា លោក Modi ​បានអញ្ជើញលោកនាយករដ្ឋមន្រ្ដីជប៉ុន អាបេ នឹងទៅកាន់ទីក្រុង Gauhati  ដើម្បីជំនួបកំពូលនេះ និងចូលរួមសន្និសីទសារព័ត៌មានរួមគ្នា នៅទីនោះ។ នៅក្នុងគម្រោងនោះ មេដឹកនាំទាំង២ ក៏នឹងពិភាក្សាគ្នា អំពីបញ្ហាសន្ដិសុខ និងគម្រោងអភិវឌ្ឍ សម្រាប់រដ្ឋ ដែលនៅជាប់នឹងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា។ ប៉ុន្ដែ​ដោយ​សារតែទីកន្លែង ដែលនាយករដ្ឋមន្រ្ដី នៃប្រទេសទាំងគ្រោង នឹងទៅនោះ ផ្ទុះនូវការតវ៉ា បែបនេះ ទើបរដ្ឋាភិបាលជប៉ុន បានប្រកាសផ្អាកដំណើរទស្សនកិច្ចនោះ៕


ចែករំលែក៖