ពលរដ្ឋឥណ្ឌា បើកការតវ៉ា ដោយធ្វើបាតុកម្ម ប្រឆាំងច្បាប់ សញ្ជាតិដ៏ចម្រូងចម្រាស។ នៅពេលនេះនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្ដីជប៉ុន បានផ្អាកដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសឥណ្ឌា ដោយសារតែប្រជាពលរដ្ឋ នៃប្រទេសនេះ បានផ្ទុះ ការតវ៉ា ប្រឆាំងនឹងច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស។
យោងតាមសេចក្ដីរាយការណ៍នៅក្នុងតំបន់ បានឲ្យដឹងថា ការផ្ទុះឡើងនូវការតវ៉ា ប្រឆាំងនឹងច្បាប់សញ្ជាតិនេះ បានកើតឡើង នៅក្នុងទីក្រុង Gauhati នាភាគឦសាន នៃរដ្ឋ Assam ជាកន្លែង ដែលលោកនាយករដ្ឋមន្រ្ដី អាបេ គ្រោងនឹងជួបជាមួយនឹងសមភាគីឥណ្ឌារបស់លោក គឺលោក Narendra Modi ។ ការតវ៉ានេះ ក៏មានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសផងដែរ ដោយបានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស។
ប្រភពព័ត៌មានដដែល បានបន្ដថា ការតវ៉ានេះ បានផ្ទុះឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមនិស្សិត ពលរដ្ឋ សិល្បករ តារាចម្រៀង រួមទាំងតារាតួកុនផងដែរ។ ក្រុមអ្នកតវ៉ាឥណ្ឌាបាននាំគ្នាធ្វើកូដកម្មបង្កត់អាហារ រយៈពេលមួយថ្ងៃពេញ ដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាល ដែលបានធ្វើវិសោធននកម្ម (កែប្រែ) ផ្តល់សញ្ជាតិឥណ្ឌាដល់ជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសជិតខាង ដែលរស់នៅលើទឹកដីឥណ្ឌា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានឥណ្ឌា the Press Trust of India បានបញ្ជាក់ថា ច្បាប់ថ្មីដ៏ចម្រូងចម្រាសនេះ គឺផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ខុសច្បាប់ កាន់សាសនា ដូចជា សាសនាហិណ្ឌូ សាសនា Sikhs សាសនាព្រះពុទ្ធ សាសនាគ្រឹស្ដ សាសនា Jain និងអ្នកសាសនា Parsis ។ ជនអន្ដោប្រវេសន៍ទាំងនោះបានមករស់នៅលើទឹកដីឥណ្ឌា ដោយចូលមកពីប្រទេសជិតខាង ដូចជា ប៉ាគីស្ថាន បង់ក្លាដែស និងអាហ្វហ្គានីស្ថាន នៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ ដោយសារតែការតវ៉ានេះ ទើបរដ្ឋាភិបាលឥណ្ឌា បានសម្រេចដាក់បម្រាមគោចរ ដោយគ្មានកាលកំណត់។
បើតាមគម្រោង នាយករដ្ឋមន្រ្ដីឥណ្ឌា លោក Modi បានអញ្ជើញលោកនាយករដ្ឋមន្រ្ដីជប៉ុន អាបេ នឹងទៅកាន់ទីក្រុង Gauhati ដើម្បីជំនួបកំពូលនេះ និងចូលរួមសន្និសីទសារព័ត៌មានរួមគ្នា នៅទីនោះ។ នៅក្នុងគម្រោងនោះ មេដឹកនាំទាំង២ ក៏នឹងពិភាក្សាគ្នា អំពីបញ្ហាសន្ដិសុខ និងគម្រោងអភិវឌ្ឍ សម្រាប់រដ្ឋ ដែលនៅជាប់នឹងប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា។ ប៉ុន្ដែដោយសារតែទីកន្លែង ដែលនាយករដ្ឋមន្រ្ដី នៃប្រទេសទាំងគ្រោង នឹងទៅនោះ ផ្ទុះនូវការតវ៉ា បែបនេះ ទើបរដ្ឋាភិបាលជប៉ុន បានប្រកាសផ្អាកដំណើរទស្សនកិច្ចនោះ៕