តំបន់ភាគខាងត្បូងហ្វីលីពីន មានករណីផ្ទុះគ្រាប់បែកជាច្រើនលើក បណ្តាលឲ្យ មានមនុស្ស២២នាក់រងរបួស ។ កម្លាំងសន្តិសុខហ្វីលីពីនបានលើកឡើងថា ការបំផ្ទុះគ្រាប់បែកនោះកើតឡើងដោយ ក្រុមអិស្លាមជ្រុលនិយមក្នុងតំបន់។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តយោធាមួយគ្រឿង កំពុងល្បាតនៅទីក្រុង Cotabato ភាគខាងត្បូងរបស់ដែនកោះ មីនដាណាវ ស្រាប់តែមានគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើង , ទាហាន៨នាក់ និងជនស៊ីវិល៤នាក់រងរបួសដោយសារការផ្ទុះគ្រាប់បែកនេះ ។
អ្នកនាំពាក្យយោធាប្រចាំតំបន់ លោកឧត្តមសេនីយ៍ Arvin Encinas បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើងភ្លាមៗបន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយករណីផ្សេងទៀតនៅជិទីក្រុង Libungan បណ្តាលឲ្យជនស៊ីល៥នាក់របួស និងម្នាក់ស្ថិតក្នុងសភាពរបួសធ្ងន់ ។
ប៉ូលិសក៏បាននិងកំពុងប្រមូលព័ត៌មានក្នុងករណីបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត នៅជិតទីក្រុង Maguindanao ថាតើមានបណ្តាលឲ្យមនុស្សស្លាប់ ឬរបួសប៉ុន្មាននាក់។
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកទាំងអស់នេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយទេ ។ រដ្ឋាភិបាលហ្វីលីពីន មានគម្រោងដកកម្លាំងដែលបានដាក់ពង្រាយនៅក្នុងតំបន់ទប់ស្កាត់ប្រឆាំងជាមួយពួកឧទ្ទាមនោះនៅដំណាច់ឆ្នាំនេះ ខណៈដែលស្ថានការហាក់បានល្អប្រសើរឡើងវិញ ។
គួរបញ្ជាក់ថា ហ្វីលីពីនបានញាំញីទៅដោយការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមទាមទារបំបែកខ្លួន ដឹកនាំដោយក្រុមអិស្លាមជ្រុលនិយម ។ មនុស្សប្រហែល ១០០ ០០០ នាក់បានស្លាប់ ។ កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងផងដែរ ប៉ុន្តែអំពើហិង្សាចេះតែបន្តកើតមានញឹកញាប់ ៕