ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កូរ៉េខាងជើង បានត្រៀមកាដូសម្រាប់ឆ្នាំ២០២០ គឺការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបដែលអាចវាយប្រហារដល់ទឹកដីអាមេរិក ។ ការបាញ់សាកល្បងគឺដោយសារតែ អាមេរិក មិនមានគម្រោងពិភាក្សាជាមួយកូរ៉េខាងជើងនៅចុងឆ្នាំ២០១៩ ដូចការចង់បានរបស់ភាគីកូរ៉េខាងជើង ។
នៅពេលនេះដែរ កូរ៉េខាងជើង បានពង្រីករោងចក្រ សម្រាប់ផលិតមីស៊ីលឆ្លងទ្វីប ដែលអាចវាយប្រហារកម្ទេចគោលដៅនានានៅលើទឹកដីអាមេរិក ។ សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ថាកូរ៉េខាងជើង អាចនឹងបន្តសាកល្បងមីស៊ីលឆ្លងទ្វីបនៅពេលដ៏ខ្លីខាងមុខ។
សារព័ត៌មាន NBC News បានផ្សាយថា តាមរូបភាព ពីផ្កាយរណប Planet Labs បង្ហាញឲ្យឃើញថា រោងចក្រផលិតមីស៊ីលរបស់កូរ៉េខាងជើង បានពង្រីកធំជាងមុន ជាទីកន្លែងសម្រាប់ផលិតមីស៊ីលឆ្លងទ្វីប អាចវាយប្រហារទៅលើគោលដៅក្នុងទឹកដីអាមេរិក ។
សារព័ត៌មាន NBC បានដកស្រង់សម្តីអ្នកឯកទេសវិភាគ បណ្ឌិត Jeffrey Lewis និងជាអគ្គនាយកកម្មវិធី មិនរីកសាយភាយអាវុធ មកពីមជ្ឈមណ្ឌុលស្រាវជ្រាវអន្តរជាតិ Middlebury បានលើកឡើងថា កន្លងមកកូរ៉េខាងជើង បានផលិតមីស៊ីលនិងសាកល្បងមីស៊ីលរយៈចម្ងាយខ្លី មិនបំពានច្បាប់អន្តរជាតិក៏ដូចជាការសន្យារបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងជំនួបពិភាក្សាជាមួយលោកត្រាំ កាលពីឆ្នាំ២០១៨នោះឡើយ។
ប៉ុន្តែនៅពេលនេះ កូរ៉េខាងជើង បានត្រៀមលក្ខណៈសាកល្បងមីស៊ីលឆ្លងទ្វីបជាថ្មី ដែលជាការជំរុញឲ្យមានការប្រឈមមុខតានតឹងជាថ្មី ។ការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង គឺតែងតែ ហោះរំលង ប្រទេសជប៉ុន ក៏ជាក្តីបារម្ភដល់ជប៉ុនផងដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជោះ លោក Ri Thea Song កាលពីពេលថ្មីៗ បានទម្លាក់កំហុស ទាំងស្រុងទៅលើអាមេរិក ដែលធ្វើឲ្យជាប់គាំងកិច្ចពិភាក្សា។ កូរ៉េខាងជើង ក៏បាន កំណត់ពេលវេលាចុងក្រោយនៅចុងឆ្នាំ២០២០នេះ បើមិនមានកិច្ចពិភាក្សា នោះទេកូរ៉េខាងជើងនិងបន្តកម្មវិធីមីស៊ីលឆ្លងទ្វីប អាចបំពាកល្បាលគ្រាប់បរមាណូ។
អគ្គមេបញ្ជាការកងទ័ពអាមេរិក លោក Mark Milley បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានតៀមលក្ខណៈរួចរាល់សម្រាប់ ទប់ទល់ស្ថានភាព ទាំងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ផងដែរ៕