ធ្វើឆេះព្រៃនៅអូស្ត្រាលីប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ បង្ខំឲ្យពលរដ្ឋ រាប់សិបពាន់នាក់ត្រូវជម្លៀស ទៅកាន់តំបន់មានសុវត្ថិភាព ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Morrison រងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ដោយសារតែលោកមិនមានវិធានការ ទប់ស្កាត់ភ្លើងឆេះព្រៃប្រកបដោយប្រសិទ្ធិភាព ។ មកទល់ពេលនេះព្រៃឈើរាប់លានហិកតារងការបំផ្លាញ និងផ្ទះពលរដ្ឋជាង១ពាន់ខ្នង ត្រូវភ្លើងឆេះខ្ទេច ។ មនុស្ស២០នាក់ស្លាប់ និង២៨នាក់បាត់ខ្លួន ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃទី៣ ខែមករា ប្រកាសថា លោកបានលុបគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាដោយសារតែភ្លើងឆេះព្រៃនៅក្នុងប្រទេសរាលដាលកាន់តែខ្លាំង ។
តាមគម្រោង នាយករដ្ឋមន្ត្រី Scott Morrison នឹងបំពេញទស្សនកិច្ចទៅកាន់ ឥណ្ឌានាថ្ងៃទី១៣-១៦ ខែមករា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narenda Modi ។ បន្ទាប់មកលោកនឹងបំពេញទស្សនកិច្ចទៅកាន់ជប៉ុនរយពេលពីរថ្ងៃ ប៉ុន្តែមិនទាន់ដឹកថាលោក Narenda Modiលុបដំណើរទស្សនកិច្ចទៅកាន់ជប៉ុនដែរឬទេ ។
នៅថ្ងៃទី៣ខែធ្នូ កងទ័ពជើងទឹកអូស្រ្តាលី បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់ ដែលកំពុងជាប់នៅឆ្នេរមួយកន្លែងនៃរដ្ឋ វិចតូរៀ (Victoria) ភាគខាងកើតប្រទេស ស្របពេលដែលការកើនឡើងខ្លាំងនៃសីតុណ្ហភាពត្រូវគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋនេះ ព្រមទាំងរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) កាន់តែរីករាលដាលខ្លាំងថែមទៀត ។
នាវាសង្គ្រោះរបស់កម្លាំងទាហានជើងទឹកប្រភេទ HMAS Choules និង Sycamore របស់ទ័ពជើងទឹកអូស្រ្តាលី បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សជិត១,០០០នាក់ ក្នុងចំណោមប្រជាជនអូស្រ្តាលីសរុប៤,០០០នាក់ ដែលបាន និងកំពុងជាប់នៅលើឆ្នេរសមុទ្រមួយកន្លែងក្នុងក្រុង ម៉ាលឡាខូអូតា (Mallacoota) នៅចុងភាគខាងកើតនៃរដ្ឋ Victoria ។ តំបន់ឆ្នេរនោះត្រូវបានឡោមព័ទ្ធដោយភ្លើងឆេះព្រៃ ដែលបានកាត់ផ្តាច់ផ្លូវទាំងអស់ ដូច្នេះហើយមានតែការជម្លៀសតាមផ្លូវទឹក ឬសណ្តោងតាមឧទ្ធម្ភាគចក្រប៉ុណ្ណោះ ដែលអាចប្រព្រឹត្តទៅបាន៕