ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២០នាក់ បាត់ខ្លួន​២៨នាក់​ ដោយភ្លើងឆេះព្រៃនៅអូស្ត្រាលី នាយករដ្ឋមន្ត្រីលុបដំណើរទស្សនកិច្ចទៅឥណ្ឌា

ចែករំលែក៖

ធ្វើឆេះព្រៃនៅអូស្ត្រាលី​ប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ បង្ខំឲ្យពលរដ្ឋ រាប់សិបពាន់នាក់ត្រូវជម្លៀស ទៅកាន់តំបន់មានសុវត្ថិភាព ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី​ Morrison ​រងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ​ដោយសារតែ​លោកមិនមានវិធានការ ទប់ស្កាត់ភ្លើងឆេះព្រៃប្រកបដោយប្រសិទ្ធិភាព​ ។ មកទល់ពេលនេះព្រៃឈើរាប់លានហិកតារងការបំផ្លាញ និងផ្ទះពលរដ្ឋជាង​១ពាន់ខ្នង ត្រូវភ្លើងឆេះខ្ទេច ។ មនុស្ស​២០នាក់ស្លាប់ និង​២៨នាក់បាត់ខ្លួន ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃទី​៣ ខែមករា​ ប្រកាសថា​​ លោកបានលុបគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាដោយសារតែភ្លើងឆេះព្រៃ​នៅក្នុងប្រទេសរាលដាលកាន់តែខ្លាំង​ ។

តាមគម្រោង នាយករដ្ឋមន្ត្រី​​ Scott Morrison នឹងបំពេញទស្សនកិច្ច​ទៅកាន់ ឥណ្ឌានាថ្ងៃទី​១៣-១៦ ខែមករា​​ តាមការអញ្ជើញ​របស់នាយករដ្ឋមន្ត្រីឥណ្ឌា​​ Narenda Modi ។ ​ ​បន្ទាប់មកលោកនឹងបំពេញទស្សនកិច្ចទៅកាន់ជប៉ុនរយពេលពីរថ្ងៃ​ ប៉ុន្តែមិនទាន់ដឹកថា​​លោក Narenda Modiលុបដំណើរទស្សនកិច្ចទៅកាន់ជប៉ុនដែរឬទេ​ ។

នៅថ្ងៃទី​៣ខែធ្នូ កងទ័ពជើងទឹកអូស្រ្តាលី បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់ ដែលកំពុងជាប់នៅឆ្នេរមួយកន្លែងនៃរដ្ឋ វិចតូរៀ (Victoria) ភាគខាងកើតប្រទេស ស្របពេលដែលការកើនឡើងខ្លាំងនៃសីតុណ្ហភាពត្រូវគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋនេះ ព្រមទាំងរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) កាន់តែរីករាលដាលខ្លាំងថែមទៀត ។

នាវាសង្គ្រោះរបស់កម្លាំងទាហានជើងទឹកប្រភេទ HMAS Choules និង Sycamore របស់ទ័ពជើងទឹកអូស្រ្តាលី បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សជិត១,០០០នាក់ ក្នុងចំណោមប្រជាជនអូស្រ្តាលីសរុប៤,០០០នាក់ ដែលបាន និងកំពុងជាប់នៅលើឆ្នេរសមុទ្រមួយកន្លែងក្នុងក្រុង ម៉ាលឡាខូអូតា (Mallacoota) នៅចុងភាគខាងកើតនៃរដ្ឋ Victoria ។ តំបន់ឆ្នេរនោះត្រូវបានឡោមព័ទ្ធដោយភ្លើងឆេះព្រៃ ដែលបានកាត់ផ្តាច់ផ្លូវទាំងអស់ ដូច្នេះហើយមានតែការជម្លៀសតាមផ្លូវទឹក ឬសណ្តោងតាមឧទ្ធម្ភាគចក្រប៉ុណ្ណោះ ដែលអាចប្រព្រឹត្តទៅបាន៕


ចែករំលែក៖