រយៈពេលកន្លងមកកម្លាំងទាហានអាកាស អារ៉ាបីសាអូឌីត បានបើកការវាយប្រហារទៅលើទីតាំង របស់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។
នៅពេលនេះកម្លាំងទាហានហ៊ូធីនៅក្នុងប្រទេសយេម៉េនបាន ប្រកាសថាខ្លួនទើបតែវាយប្រហារទៅលើទីតាំងរោងចក្រចម្រាញ់ប្រទេស Aramcoស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេស អារ៉ាប៊ី សាអូឌីត ។ ការវាយប្រហារ ធ្វើឡើងនៅថ្ងៃទី២៩ខែមករា ។
លោក Yahya Sare’a អ្នកនាំពាក្យកម្លាំងទាហានហ៊ូធីបានបញ្ជាក់ថា កងពលកាំជ្រួចមីស៊ីលបានតម្រង់គោលដៅវាយប្រហារទីតាំងចម្រាញ់ប្រេង Aramco ក្នុងតំបន់ Jizan និង អាកាសយានដ្ឋាន Abha, Jizan និង Khamis Mushait ។ ក្រៅពីមីស៊ីល ក្រុមហ៊ូធី ក៏បានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលរួមវាយប្រហារផងដែរ ។
អ្នកនាំពាក្យកម្លាំងទាហានហ៊ូធី បានបញ្ជាក់ថា ការវាយប្រហារខាងលើគឺជាការសងសឹកដល់ កម្លាំងទាហានសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមហ៊ូធីបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពី ការខូចខាត ដោយការវាយប្រហារពីក្រុមហ៊ូធីនៅឡើយទេ ។
កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩យន្តហោះគ្មានមនុស្សបើក ១០គ្រឿង របស់ក្រុមហ៊ូធីបានវាយប្រហារទីតាំងចម្រាញ់ប្រេងធំបំផុតលើពិភពលោក Abkaik ស្ថិតនៅតំបន់ភាគខាងកើតប្រទេសនេះ ៕