កាលពីថ្ងៃទី៥ ខែកុម្ភៈ អង្គការសុខភាពពិភពលោក បានបញ្ជាក់ជាថ្មីថា «មិនទាន់មានថ្នាំព្យាបាលមេរោគកូរ៉ូណាថ្មី ឲ្យបានជាសះស្បើយនៅឡើយទេ!»។ ប៉ុន្តែក្រុមអ្នកឯកទេសស្រាវជ្រាវវេជ្ជសាស្ត្រ បានខិតខំដើម្បីរកថ្នាំព្យាបាលយ៉ាងមានប្រសិទ្ធិភាព ក្នុងពេលដ៏ខ្លីខាងមុខ។ មកទល់ពេលនេះមានអ្នកស្លាប់ ដោយវីរុសកូរ៉ូណា នៅចិនកើនឡើងដល់ទៅ ៥៦៥នាក់ហើយ នឹងឆ្លងរាលដាលជាងជិត៣ម៉ឺននាក់ហើយ។
កន្លងមក ក៏មានព័ត៌មាន ជាច្រើនស្តីពីការព្យាបាលជាសះស្បើយពីវីរុស្សកូរ៉ូណា ដូចនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង នឹងចិន ជាង១ពាន់នាក់ ក្តី ។ ចំណែកវ៉ាក់សាំងបង្ការ វីរុសកូរ៉ូណា នឹងត្រូវចំណាយពេលជាច្រើនបន្ថែមទៀត។
មេរោគផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាថ្មី កំពុងតែធ្វើឲ្យពិភពលោកព្រួយបារម្ភជាខ្លាំង។ ចំនួនអ្នកស្លាប់និងអត្រាអ្នកឆ្លងមេរោគថ្មី គឺមានតួលេខកើនឡើងច្រើនៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រឈមមុខនឹងបញ្ហាសុខភាពសកលយ៉ាងដូច្នេះ ក្រុមបណ្តារដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជឿនលឿននាំមុខទាំង៧ បានជជែកគ្នាតាមទូរសព្ទ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហា។ ប្រទេសធំៗដូចជាបារាំង អង់គ្លេស អាមេរិក ចិនខ្លួនឯងជាដើម បានផ្តើមដំណើរការរុករកវ៉ាក់សាំងបង្ការមេរោគនេះ ទន្ទឹមនឹងពេលដែល ប្រទេសថៃ ក៏បានសាកល្បងរកថ្នាំផ្សំព្យាបាលផងដែរ។ ក៏ប៉ុន្តែ ដំណើរការស្វែងរកវ៉ាក់សាំងប្រឆាំងនឹងកូរ៉ូណា គឺត្រូវអ្នកជំនាញបញ្ជាក់ថា ត្រូវការលុយច្រើន និងត្រូវការពេលយូ។
រដ្ឋបាលក្រុងឡុង បានប្រកាស ថាអង់គ្លេសនឹងជួយថវិកាចំនួនប្រមាណ២០លានដុល្លារ ដើម្បីជួយដល់ដំណើរការរុករកស្រាវជ្រាវវ៉ាក់សាំងប្រឆាំងនឹង កូរ៉ូណាថ្មី 2019-nCov។ អង់គ្លេសក៏ថានឹងចែកចាយលទ្ធផលស្រាវជ្រាវ និងតម្រុយដែលខ្លួនរកឃើញនោះដែរ។ ក្នុងកិច្ចការនេះ រដ្ឋាភិបាលអង់គ្លេស សហការជាមួយនឹងក្រុមហ៊ុនឯកជនផ្នែកឱសថសាស្ត្រដ៏ធំ គឺ Gloxo Smith Kline (GSK) ដែលនឹងត្រូវប្រើចេញវ៉ាក់សាងពិសោធសាកល្បង នៅពេល ខាងមុខ។ លោក Richard Hatchet នាយកចាត់ចែងធំរបស់គម្រោងអង់គ្លេសនេះ បានបញ្ជាក់ថា គេអាចត្រូវការពេលយ៉ាងហោច ក៏១៦ខែដែរ។ ហេតុអ្វីត្រូវស៊ីពេលច្រើនម្ល៉េះ?
គេត្រូវការពេលយូរ និងច្រើន គឺជាការស្រាវជ្រាវ មិនមែនជប់បានដូចវត្ថុទិព្វនោះទេ។ តាមអ្នកជំនាញ ដំបូងគេត្រូវស្រាវជ្រាវ សិក្សា ប្រមូលទិន្នន័យ វិភាគផ្ទៀងផ្ទាត់ ដោយផ្អែកទៅលើមេរោគស្រដៀងៗគ្នា ដែលធ្លាប់កើតមានពីមុនៗមក ដូចជាការពិសោធទៅជំងឺ Merse-CoV ដែលធ្លាប់បានផ្ទុះឡើងដំបូងនៅអារាប់ឌីសាអូឌីត នៅឆ្នាំ២០១២ និងសិក្សាទៅលើមេរោគផ្តាសសាយជាច្រើនប្រភេទផ្សេងទៀត។ ដើម្បីធ្វើការងារនេះបាន គេត្រូវបច្ចេកវិជ្ជា និងការធ្វើតេស្តសាកល្បងជាច្រើនដង។ ពោលគឺគេត្រូវការពេលយ៉ាងហោច៣ខែ ដើម្បីធ្វើតេស្តសាកល្បង សម្រាប់ជំហានទី១។ បន្ទាប់មកទៀត គេត្រូវការពេលប្រមាណជា៣ខែបន្ថែមទៀត ដើម្បីប្រមូលទិន្នន័យបន្ថែម ឲ្យកាន់តែជាក់ច្បាស់ មុននឹងចាប់ផ្តើមជំហានដំណាក់កាលទី២។ ហើយដំណាក់កាលទី៣ គេនឹងសាកល្បងពិសោធវ៉ាក់សាំងទៅលើមនុស្សអ្នកឆ្លង។
ជំហាននីមួយៗ ត្រូវមាននីតិវិធីច្រើននិងស្មុកស្មាញ ហើយរឿងខ្លះ ចាំបាច់ត្រូវមានការអនុញ្ញាតពីអាជ្ញាធររដ្ឋអំណាចទៀតផង ទើបអាចធ្វើបាន។ ហេតុនេះហើយទើបត្រូវស៊ីពេលយូរ។ នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវអាមេរិកលោក Anthony Fauci នាយកវិទ្យាស្ថានសិក្សាជំងឺឆ្លង នៅសហរដ្ឋអាមេរិក។
នៅអាមេរិកដដែល ក្រុមហ៊ុន Johnson & Johnson ដែលមានអាយុយ៉ាងចំណាស់ មានវត្តមានតាំងពីឆ្នាំ១៨៨៦ ក៏បានចាប់ផ្តើមការសិក្សាស្វែងរកវ៉ាក់សាំងប្រឆាំងនឹងកូរ៉ូណាវីរុសនេះដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកនេះ ផ្តើមយកតម្រុយសិក្សា ដោយផ្អែកទៅលើមូលដ្ឋានដែលគេបានសិក្សាពីវ៉ាក់សាំងប្រឆាំងនឹងមេរោគ Ebola នៅអាហ្វ្រិក។
វិទ្យាស្ថាន Pasteur របស់បារាំងវិញ បានសហការជាមួយក្រុមអ្នកស្រាវជ្រាវអូទ្រីស គឺវិភាគសិក្សាពីការផ្សាំខ្លួនរបស់មេរោគកូរ៉ូណាថ្មី 2019-nCoV ដោយបានផ្តើមសាកល្បងជាដំបូង ដោយធ្វើការពិសោធជាមួយនឹងវ៉ាក់សាំងដែលចាក់បង្ការជំងឺកញ្ជ្រិល។ ប្រធានក្រុមស្រាវជ្រាវវ៉ាក់សាំងនៅវិទ្យាស្ថាន Pasteur លោក Frédéric Tangy បញ្ជាក់ថា គេធ្លាប់បានប្រើវិធីបែបនេះ សម្រាប់ជារបៀបពិសោធទៅលើមេរោគ Zika, Mers-CoV, Lassa និង Chikungunya (ជីកុងគុនញ៉ា)ជាដើម។ បើផ្លូវនេះ ដំណើរការទៅបាន គេអាចត្រូវការពេលប្រហែល៣សប្តាហ៍ សម្រាប់ផលិតវ៉ាក់សាំងលាកល្បង មុននឹងយកទៅចាក់សាកមើលលើសត្វកណ្តុរ។ បើលទ្ធផលស្រាវជ្រាវមើលទៅថាវិជ្ជមាន នោះគេអាចនឹងត្រូវការពេលយ៉ាងហោច២៤ខែ ដើម្បីផលិតវ៉ាក់សាក់ថ្មីដែលមានប្រសិទ្ធភាពបាននិងគោរពតាមបទដ្ឋានស្តង់ដារ។ អ្នកវិទ្យាសាស្ត្របារាំងរូបនេះ យល់ឃើញថា ពេលវេលាដំណើរការរុករកនេះ យូរខ្លាំងដែរ។
អ្នកវិទ្យាសាស្ត្របារាំងសរសើរចិន ថាអ្នកវិទ្យាសាស្ត្រចិន អាចនឹងរុករកវ៉ាក់សាំងបានឆាប់ជាងនេះផងក៏មិនដឹង ព្រោះចិនអាចមានប្រភពទិន្នន័យច្រើន មានលុយច្រើន ហើយបច្ចេកវិជ្ជាក៏ជឿនលឿនមិនធម្មតាដែរ។
ចំពោះចិនផ្ទាល់ អាជ្ញាធរចិនបានកំពុងរកវិធីព្យាបាល និងវ៉ាក់សាំងដោយសិក្សាឈរទៅលើរបៀបបង្ការមេរោគ HIV ហើយចិនក៏ធ្លាប់បានសាកល្បងធ្វើតេស្តជាមួយមេរោគ Ebola និង Mers-CoV រួចមកហើយដែរ។
ដំណឹងមួយទៀត ពុំមែនពាក់ព័ន្ធនឹងការរុករកវ៉ាក់សាងបង្ការនោះទេ តែពីការផ្សំថ្នាំព្យាបាលតែម្តង។ ប្រទេសថៃ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ថាគ្រូពេទ្យបានសាកល្បងព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណា ដោយប្រើថ្នាំបង្ការគ្រុនផ្តាសាយ បូកនឹងថ្នាំពន្យារជីវិតអ្នកកើតអេដស៍។ ថៃបានសាកល្បងជាមួយស្រ្តីជនជាតិចិនម្នាក់មកពីក្រុងវូហាន អាយុ៧១ឆ្នាំ ដែលបានឆ្លងមេរោគកាលពី១០ថ្ងៃមុន។ ក្រោយពេលប្រើវិធីសាស្ត្រនេះ ៤៨ម៉ោងក្រោយមក ឃើញថាមានជោគជ័យ។ នៅថ្ងៃទី៤ខែកុម្ភៈ រដ្ឋមន្ត្រីសុខាភិបាលថៃ បានអះអាងប្រាប់អ្នកកាសែតនៅក្រុងបាងកក ថាក្នុងចំណោមអ្នកឆ្លង២៥នាក់ គឺមាន៨នាក់ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ។ តែយ៉ាងណាក្តី វិធីសាស្ត្ររបស់ថៃ នៅមិនទាន់មានការបញ្ជាក់អះអាងលម្អិតពីអ្នកជំនាញនៃបណ្តាប្រទេសធំៗឬអង្គការសុខភាពពិភពលោកនៅឡើយទេ តែរបៀបរបស់ថៃ ទំនងជាតម្រុយមួយបន្ថែមទៀត សម្រាប់គេសិក្សាជាបន្ត៕