ខេត្តកណ្តាល៖ ករណីស្ត្រីអតីតជាប្រពន្ធដើម
ដឹកដៃកូនប្រុសទាំងព្រឹក មកមើលប្តីចូលរោងការជាមួយគូថ្មី នឹងសូមមេត្តាអោយប្តីចេញមុខមកដោះស្រាយគ្នាសិន មុនរៀបការបន្ត នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នោះ ។ បច្ចុប្បន្ននេះពិធីមង្គលការបានដំណើរដដែល ប៉ុន្តែអវត្តមានភាគីកូនកម្លោះ ខណៈជាប់មានភារកិច្ច ចូលខ្លួនមកដោះស្រាយរឿងបំណុលខ្ចីរួមគ្នា នៅសាលាសង្កាត់រកាខ្ពស់ ហើយកូនក្រមុំអង្គុយទទួលភ្ញៀវម្នាក់ឯង កុំអោយមង្គលការនេះខកខាន ពិសេសមានភ្ញៀវចូលធម្មតា ដោយយល់យោគអាណិតកូនក្រមុំ។
អតីតៈស្វាមី បានទទួលយកការដោះស្រាយដោយសន្តិវិធី មិនប្រកែកទេរឿងបំណុល ហើយអនុវត្តតាមសាលក្រមទាំងអស់គ្នា គឺខ្លួនមានសិទ្ធរៀបការជាមួយនារីផ្សេង តាមការអនុញ្ញាតពីមន្ត្រីអត្រានុកូលដ្ឋាន។
សូមរម្លឹកថា៖ កម្លោះកូនមួយ បានលួចអង្គុយផ្ទឹមជាមួយកូនក្រមុំ ជាស្វាមីភរិយាគូថ្មី ស្រាប់តែប្រពន្ធបានដឹកដៃកូនប្រុស និងបងប្អូនមកចូលរោងការទាំងព្រឹក ជាមួយទឹកមុខដ៏ស្រង៉ូតស្រងាត់ ស្ទើរក្រៀមសួតក្អួតឈាម នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងខ្មៅ ខេត្តកណ្តាល។
បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បានរៀបរាប់អោយដឹងថា៖ គាត់ជាភរិយាខាងកូនកម្លោះ ដែលកំពុងចូលរោងការថ្ងៃនេះ ហើយមានកូនប្រុសមួយជាចំណងដៃ និងរៀបការតាមប្រពៃណីដោយស្របច្បាប់។ ដោយឡែកប្តីឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ រស់នៅជាមួយធម្មតា ទោះធ្លាប់មានរឿងរកាំរកូស ហាក់មិនចុះសម្រុងនឹងគ្នា ឈានដល់លែងលៈតាមផ្លូវតុលាការ ប៉ុន្តែក្រោយមកក៏បានមករួមរស់ជាមួយគ្នាជាប្តីប្រពន្ធធម្មតាវិញ តែមិនបានទៅដក ឬលុបចោលសាលក្រមនោះទេ។
ស្ត្រីជាភរិយាបានបន្តថា៖ ក្រោយមកខ្លួនទទួលដំណឹងថា៖ បុរសជាប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំគេ ដោយទៅប្រាប់ចៅសង្កាត់ថាខ្លួនពោះម៉ាយ ទើបខាងមន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថានៅពោះម៉ាយ ដើម្បីមានសិទ្ធមករៀបការ។
ករណីនេះមានការភ្ញាក់ផ្អើលដល់ញាតិកូនក្រមុំ អ្នកស្រុកភូមិ អាជ្ញាធរមកដល់រោងការ ប៉ុន្តែពុំឃើញភាគីកម្លោះកូន១ ចេញមកដោះស្រាយគ្នាទេ ហើយអាជ្ញាធរក៏ចុះទៅជួយអន្តរាគមន៍ ទប់ស្កាត់កុំអោយមានអំពើហិង្សាណាមួយកើតឡើង។
ភាគីខាងប្រពន្ធមុនចង់អោយខាងប្តីចេញមកសម្របសម្រួលគ្នា ចំពោះបំណុលខ្ចីរួមគ្នាមានចំនួនជាង៣០លានរៀល និងលុយដុល្លារជា២មុឺនដុល្លារ ដែលបានរកសុីជុំគ្នាទិញលក់ត្រីកន្លងមក។
ស្ត្រីជាភរិយាបានបន្តថា៖ ពីមុនរស់នៅជាមួយគ្នា ហាក់មិនចុះសម្រុងមានរឿងរហូត ក៏ស្ម័គ្រចិត្តលែងលះគ្នា តែក្រោយមកពួកគាត់ក៏សម្រេចចិត្តចាប់ដៃគ្នា នៅរួមរស់ជាមួយគ្នាឡើងវិញ ។ ទោះមិនបានទៅយកសាលក្រម ក៏ពួកគាត់បង្កើតជាជីវិតគ្រួសារឡើងវិញ ទើបតែថ្មីៗដឹងដំណឹងថា៖ ប្តីចូលរោងការថ្ងៃនេះ ក៏ដឹកដៃកូនមកមើលប្តី ពិតជាចូលរោងការមែន ។ គាត់បន្តថា៖ បើជ្រុលជាឈានដល់ផ្លូវបែកជាលើកទី២ទៅហើយ វាជាទឹកបាក់ទំនប់ទៅហើយ ឃាត់មិនជាប់ ចឹងសូមត្រឹមតែទទួលខុសត្រូវរឿងប្រាក់បំណុលខ្ចីរួមគ្នា ក្នុងមុខរបរលក់ទិញត្រីស្មើគ្នា នឹងរៀបការចុះ ព្រោះប្រពន្ធអាចឃុំខ្លួនបងបាន តែមិនអាចឃុំចិត្តបងបានទេ..បងរៀបការចុះ តែរឿងបំណុលគិតជាមួយគ្នាអោយដាច់ស្រេចសិន។
ទីបំផុត អតីតភរិយាទទួលយកដំណោះស្រាយ ហើយខាងប្រុសក៏មិនចង់អោយកើតរឿងវែងឆ្ងាយ សុខចិត្តឆ្លៀតមកដោះស្រាយ ទុកអោយកូនក្រមុំ ទទួលភ្ញៀវម្នាក់ឯងសិន៕
ដោយ៖ ស្អាងជ័យ