ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់បរាជ័យ​បញ្ជូន​ផ្កាយរណប​ចូលកាន់គន្លងតារាវិថីជាថ្មី

ចែករំលែក៖

រដ្ឋាភិបាល​អ៊ីរ៉ង់​ដែលមានមហិច្ឆតាបញ្ជូន​ផ្កាយរណប​ទៅកាន់គន្លងតារាវិថី​​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នោះ បានទទួលបរាជ័យ​​ ដោយសារតែ​កម្លាំងល្បឿន​នាំ​ផ្កាយរណបនោះ​មានសភាពយឺតយ៉ាវ ។

ប្រព័ន្ធផ្សព្វផ្សាយ​អ៊ីរ៉ង់​បានផ្សាយថា ការបាញ់បង្ហោះផ្កាយរណប​ចាប់ផ្តើម​នៅវេលាម៉ោង​៧និង១៥នាទី​យប់ (ម៉ោងនៅក្នុងស្រុក) ស្ថិតនៅទីកន្លែងបាញ់បង្ហោះ​ផ្កាយរណប Imam Khomeini Spaceport ស្ថិតនៅក្នុងខេត្ត Semnan ចម្ងាយប្រហែល​២៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍​ទីក្រុងតេអេរ៉ង់​ ។

ប្រភពបានបញ្ជាក់ថា រ៉ុក្កែត Simorgh ឬ Phoenix នោះ​មិនអាច​បញ្ជូន​ផ្កាយរណបទូរគមនាគមន៍ Zafar1 ចូលទៅកាន់គន្លងតារាវិថី​បាននោះឡើយ ។

លោក Ahmad Hosseini អ្នកនាំពាក្យ​កម្មវិធីអវកាស​របស់ក្រសួងការពារជាតិអ៊ីរ៉ង់​បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់យ៉ាងដូច្នេះថា «ដំណាក់កាលទីមួយ ដំណាក់កាលទីពីរ ដំណើរ​ការ​ទៅដោយរលូន ហើយផ្កាយរណប​បានជោគជ័យ​នៅក្នុងការផ្តាច់ខ្លួន​ចេញពី​យានរុញច្រាន​របស់ខ្លួន។ ប៉ុន្តែនៅទីបំផុត​ វាខ្វះល្បឿន​ដែលតម្រូវការ ទើបមិនអាច​ដាក់បញ្ចូល​បាននៅ​ក្នុងគន្លងតារាវិថី​ ហើយការបាញ់បង្ហោះ​នេះ​ក៏ទទួលនូវភាពបរាជ័យ​»។

គួរបញ្ជាក់ថា អ៊ីរ៉ង់​មានបំណងបញ្ជូនផ្កាយរណប​Zafar1 ទម្ងន់១១៣គីឡូក្រាមនេះ​ទៅកាន់គន្លងតារាវិថី​ដើម្បី​ធ្វើបេសកកម្មប្រមូលរូបភាព​ទាំងឡាយ ដែលអ៊ីរ៉ង់​ត្រូវការ​ដើម្បី​សិក្សាអំពីគ្រោះរញ្ជួយដី, ការដោះស្រាយចំពោះ​គ្រោះមហន្តរាយធម្មជាតិ ក៏ដូច​ជាអភិវឌ្ឍន​វិស័យកសិកម្មរបស់ខ្លួន ។

កាលពីខែមករា ឆ្នាំ២០១៩ អ៊ីរ៉ង់​ធ្លាប់បានបរាជ័យ​ម្តងហើយ​ នៅក្នុងការបញ្ជូនផ្កាយរណប​ឈ្មោះ Payam ទៅកាន់គន្លងតារាវិថី​ដែលអ៊ីរ៉ង់​ថា ដើម្បីប្រមូល​ទិន្នន័យ​អំពីបរិស្ថានអ៊ីរ៉ង់ ៕


ចែករំលែក៖