ក្នុងដំណាក់កាលទីមួយវៀតណាមានអ្នកឆ្លងវីរុសផ្លូវដង្ហើម ១៦នាក់ប៉ុន្តែ បានព្យបាលជាសះស្បើយទាំងអស់ត្រឡប់ទៅផ្ទះវិញ។ មិនតែប៉ុណ្ណោះ ទីក្រុងដែលធ្លាប់មានអ្នកឆ្លង បានលុបចោលបម្រាម ហើយប្រកាសថាជាតំបន់មិនមាន កូវីដ-១៩ទៀតឡើយ។
ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះវៀតណាមបានរកឃើញមានករណីឆ្លងវីរុសថ្មី ៗបន្ថែមទៀត ធ្វើឲ្យរដ្ឋាភិបាលសម្រេចបើកយុទ្ធនាការដំណាក់កាលទីទីពីរ។ ក្រុមអ្នកជំនាញបានលើកឡើងថាដំណាក់កាលទីពីរ គឺមានផលលំបាកជាងទី១ទៅទៀត។
លោក វូ ឌុក ដាំ (Vu Duc Dam) ឧបនាយករដ្ឋមន្រ្ដីវៀតណាម បានថ្លែង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ថា វៀតណាមបានចាប់ផ្ដើមបើកយុទ្ធនាការដំណាក់កាលពី២ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ យុទ្ធនាការនេះបានធ្វើឡើង ចាប់តាំងពីក្រោយមានករណីឆ្លងវីរុសថ្មីលើកទី១៧។ នេះជាដំណាក់កាលមួយដ៏លំបាកខ្លាំងជាងដំណាក់កាលទី១។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ វៀតណាមបានត្រៀមរៀបចំរួចរាល់ អស់ហើយ សម្រាប់ឆ្លើយតបគ្រប់កាលៈទេសៈទាំងអស់។
បើយោងតាមសារព័ត៌មាន Saigon បានផ្សាយថា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលវៀតណាម បានអះអាង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ថា គិតត្រឹមថ្ងៃនេះ (ទី៨ ខែមីនា) ប្រទេសវៀតណាមមានករណីឆ្លង Covid-19 លើកទី២១។ ក្នុងនោះមានករណីបុរសម្នាក់អាយុ៦១ មានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ Covid-19 ទី១៧ នៅក្នុងទីក្រុងហាណូយ ដែលធ្វើដំណើរវិលត្រឡប់មកពីអឺរ៉ុប ហើយធ្វើតេស្ដឃើញមានផ្ទុកវីរុសកូរ៉ូណា។
បើយោងតាមសារព័ត៌មាន Dtinews របស់វៀតណាម បានផ្សាយថា គិតត្រឹមវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី៨ ខែមីនា នៅប្រទេសវៀតណាម ត្រូវបានបានរកឃើញ COVID-19 ចំនួន៣០ករណី។ ក្នុងនោះមានអ្នក ជំងឺចំនួន១៦នាក់បានជាសះស្បើយហើយ។ ដោយឡែកករណីថ្មីចំនួន៩ ត្រូវបានរកឃើញនៅលើជនបរទេស រួមមាន ៤ករណី នៅក្នុងខេត្តខ្វាងនីង (Quang Ninh), មាន២ករណី នៅក្នុងខេត្តឡាវកៃ( Lao Cai), ២ ករណី នៅទីក្រុងដាណាំង (Da Nang) និងមួយករណី នៅក្នុងខេត្តធឿធៀងហ្វេ (Thua Thien-Hue) ៕ ម៉ែវ សាធី