ភ្នំពេញ៖ ទីបំផុត កម្លាំងនគរបាលតាមចាប់បុរសម្នាក់ ពាក់ព័ន្ធករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ រឿង COVID-19 បំភ្លៃការពិត ក្នុងចេតនាទុច្ចរិតបំប៉ោងព័ត៌មានក្លែងក្លាយអោយជ្រួលច្របល់ក្នុងសង្គម។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនបុរសម្នាក់ ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានអោយដឹងថា ៖ ជនសង្ស័យមានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរអ្នកលក់ទំនិញតាម Online និងជាអ្នកជល់មាន់។ ជនសង្ស័យបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal»។
ក្រោយបង្ហោះវីដេអូឃ្លីបខាងលើនេះ សមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹង COVID-19 រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពទោសកំហុសថា ខ្លួនពិតជាបាននិយាយ និងបង្ហោះខ្លឹមសារយ៉ាងដូច្នេះមែន។ បន្ទាប់ពីការសួរនាំរួចមកជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។
នេះជាការអនុវត្តវិធានការច្បាប់ទៅក្រុមជ្រុលនិយម និងជាសារអោយមនុស្សគ្រប់រូបចូលរួមសាងអំពើល្អ គោរពសិទ្ធ គោរពច្បាប់ ជៀសវាងភ្លេចខ្លួន ឈានប្រើសិទ្ធខ្លួនឯងរំលោភបំពានដល់សង្គម និងអ្នកដទៃ៕សហការី