ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីទីពីរ របស់អ៊ីរ៉ង់ឆ្លង កូវីដ-១៩

ចែករំលែក៖

ប្រទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់ជាប្រទេសមានករណីឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមខ្លាំងជាងគេបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយក៏ជាប្រទេសដែលមានករណីឆ្លង ដល់មន្ត្រីជាន់ខ្ពសច្រើនជាងគេផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានផ្សាយថា រហូតមកដល់ពេលនេះ មានអនុប្រធានាធិបតីអ៊ីរ៉ង់ម្នាក់ទៀតហើយ បានឆ្លងវីរុសផ្លូវដង្ហើមថ្មី Covid-19 និងរដ្ឋមន្ត្រីពីររូបផ្សេងទៀតក៏បានឆ្លងផងដែរ។
សារព័ត៌មានអ៊ីរ៉ង់ បានផ្សាយថា អនុប្រធានាធិបតី Eshaq Jahangiri បានអវត្តមាន នៅក្នុងសន្និសីទកាសែត ជាច្រើនលើកកន្លងមក។ លោក Eshaq Jahangiri អាយុ៦៤ឆ្នាំ ជាអនុប្រធានាធិបតីមួយរូប ក្នុងចំណោម១២រូប នៅក្នុងប្រទេសអ៊ិស្លាមមួយនេះ។
សារព័ត៌មាន FARS របស់អ៊ីរ៉ង់ បានផ្សាយថា ក្រៅពីអនុប្រធានាធិបតី ក៏នៅមានសមាជិកគណៈរដ្ឋមន្ត្រី ចំនួនពីរូបផ្សេងទៀត បានឆ្លងវីរុស Covid-19 នេះ។ រដ្ឋមន្ត្រីពីររូបដែលបានឆ្លងថ្មីរួមមាន លោក Ali Asghar Mounesan ទទួលបន្ទុកវប្បធម៌ ទេសចរណ៍ និង លោក Reza Rahmani ទទួលបន្ទុកថាមពលប្រេង និងអាជីវកម្ម។ ប៉ុន្ដែរហូតមកទល់ពេលនេះ គេមិនទាន់មានព័ត៌មានបន្ថែម ស្ដីអំពីស្ថានភាពសុខភាពរបស់លោកនៅឡើយ។
សារព័ត៌មាន CNN បានផ្សាយថា តំណាងរាស្ត្រអ៊ីរ៉ង់ មានរហូតដល់ទៅ៨ភាគរយ បានឆ្លងវីរុស Covid-19  ក្នុងនោះមានរដ្ឋលេខាធិការក្រសួងសុខាភិបាល  និងអនុប្រធានាធិបតីទទួលបន្ទុកស្ត្រី និងគ្រួសារឆ្លង Covid-19 មុនគេ។ រដ្ឋសភាអ៊ីរ៉ង់បានផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រីផ្សេងទៀត។
បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ប្រទេសអ៊ីរ៉ង់មានករណីឆ្លងវីរុសផ្លូវដង្ហើម ជាង៩ពាន់នាក់  និងស្លាប់៣៥៤នាក់ ឈរលំដាប់ទីបី នៅលើពិភពលោក បន្ទាប់ពីចិន និងអ៊ីតាលី៕ ម៉ែវសាធី


ចែករំលែក៖