ភ្នំពេញ៖ មានបញ្ហាជាច្រើន មិនទាន់បានកំណែទម្រង់រដ្ឋបាលសុីជម្រៅក្នុងរដ្ឋបាលសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កើតអោយមានភាពមិនប្រក្រតី ទៅជាអំពើពុករលួយ ។ រាល់សេវាសាធារណៈ ក្លាយជាការយកលុយពីពលរដ្ឋ ផ្ទុយពីការប្រតិភូកម្មអំណាចដែលថ្នាក់លើប្រគល់ជូន និងការណែនាំពីគណៈបញ្ជាការឯកភាពខណ្ឌ ពិសេសគោលការណ៍អភិបាលរាជធានីភ្នំពេញជម្រុញអោយអាជ្ញាធរទាំង១៤ខណ្ឌ បម្រើ ការពារ ផ្តល់សេវា ជូនប្រជាពលរដ្ឋដោយមានការទទួលខុសត្រូវនោះ។
មន្ត្រីនិងប្រជាពលរដ្ឋ ក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា៖ លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា កំពុងតែដឹកនាំសំលឹងឃើញប្រយោជន៍បុគ្គល បក្ខពួកជាធំ ជាងលើកតម្កល់ផលប្រយោជន៍រួមរបស់អង្គភាព ។ រាល់ការប្រព្រឹត្តអំពើពុករលួយ មិនមែនគាត់មិនដឹងថា កំពុងបំពានច្បាប់ ធ្វើអោយខាតពន្ធរដ្ឋនោះទេ តែគាត់អាច(មិនដេកលក់ ធ្វើជាដេកលក់ ឬមន្ត្រីគ្រាប់ល្ពៅ)។
លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានយកលុយពីប្រជាពលរដ្ឋចំនួន៥០០០ដុល្លារ ដើម្បីធ្វើលូ តែមិនបានធ្វើអោយពលរដ្ឋ រហូតមកដល់បច្ចុប្បន្ន។
លោក ចូវ តុន( ហៅ តឹង) បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា៖ ខ្ញុំពិតជាអោយលុយ៥០០០ដុល្លារនោះ ទៅសង្កាត់មែន តែគេធ្វើលូមិនដល់ផ្ទះខ្ញុំទេ ដូច្នេះខ្ញុំក៏មិនទាមទារលុយវិញដែរ។ ខ្ញុំចង់ធ្វើលូដោយចេញលុយខ្លួនឯងចុះ ព្រោះជិតដល់ខែវស្សាអាចទឹកហូរចូល បើអត់មានលូប្រើ។ ថៅកែផលិតទឹកសុទ្ធ លោក ចូវ តុន( ហៅ តឹង) បានបន្តថា៖ មុននឹងខ្ញុំធ្វើលូក៏ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុនសិនដែរ ជៀសវាងខុសច្បាប់។
ពាក់ព័ន្ធករណីនេះ លោកចៅសង្កាត់ព្រែកប្រា បានច្រាលចោល ថាគាត់មិនបានយកលុយទេ។ ជាមួយអង្គភាព «នគរវត្ត»តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោកនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនបានយកលុយអីទេ និងសូមច្រាលចោលពាក្យនេះ»។ ដោយឡែក លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា៖ ជាគោលការណ៍ខ្ញុំមិនអោយយកលុយទេ រាល់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកលែងតែប្រជាពលរដ្ឋ អ្នកមានលទ្ធភាព គាត់ស្ម័គ្រចិត្ត។ លោកបន្តថា៖ ថៅកែទឹកសុទ្ធឈ្មោះ ចូវ តុន នោះបានអោយលុយមែនករណីធ្វើលូ ក្នុងនោះមានសប្បុរសជនដល់៧រូប បានជួយដល់អាជ្ញាធរ សរុបជាទឹកប្រាក់បាន ១០៦០០ដុល្លារ ហើយជាតម្រូវការយើងត្រូវចំណាយជាង១មុឺនដុល្លារឯណោះ។
លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា រងនូវការរិៈគន់ធ្ងន់ៗ ពីមន្ត្រី ថាគាត់ខ្វះវិធានការទប់ស្កាត់រឿងសំណង់អនាធិបតេយ្យ តែគាត់ឆ្លៀតទាញយកផលប្រយោជន៍ការងារហ្នឹងទៅវិញ..? គេលើកឡើងថា៖ យោងតាមសារាចរណ៍ សសរ ០៣ របស់រាជរដ្ឋាភិបាល រាល់សំណង់មិនរៀបរយ សង់លើដីសាធារណៈរបស់រដ្ឋ ត្រូវបានហាមឃាត់។ ផ្ទុយទៅវិញចៅសង្កាត់ព្រែកប្រា បានប្រើគ្រប់មធ្យោបាយ ដើម្បីបានលុយពីការសាងសង់សំណង់ លំនៅដ្ឋានតាមមាត់ទន្លេមួយកន្លែងពី៥០០ដុល្លារ ដល់១៥០០ដុល្លារ ទៅតាមទំហំនៃការសាងសង់ តែលោកចៅសង្កាត់មិនទទួលខុសត្រូវបើថ្ងៃក្រោយមានបញ្ហាអីកើតឡើង។
ការងារផ្សេងទៀតត្រូវបានគេចាត់ទុកថា ចៅសង្កាត់ព្រែកប្រា ពុករលួយ និងមានចេតនាធ្វើអោយខាតពន្ធរដ្ឋ ខណៈការសុីញ៉េឯកសារផ្ទេរកម្មសិទ្ធដីធ្លី ផ្ទះ ឃុបឃិតធ្វើចុះលេខចេញ-ចូលត្រឹមសង្កាត់ ដើម្បីបញ្ចៀសតម្រូវការអោយប្រថាប់ត្រាបង់ពន្ធ គឺយកសេវាក្រោមតុ៧០០ដុល្លារ ទៅ១៥០០ដុល្លារ ទៅតាមទំហំដីតូចឬធំ បញ្ហានេះអាច (ត្រូវរ៉ូវគ្នារវាងស្មៀន និងចៅសង្កាត់) ធ្វើឯកសារដាក់កាលបរិច្ឆេតមុន រដ្ឋកំណត់អោយបង់ពន្ធប្រថាប់ត្រា ដោយមិនបាច់បញ្ជូនឯកសារ ទៅអង្គភាពការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ។ បើមានករណីនេះមែន ពិតជាបន្សល់ទុកនូវឯកសារចុៈលេខជាន់គ្នាមិនខាន ដូច្នេះខាងអាជ្ញាធរខណ្ឌគួរបង្កើតក្រុមអធិការកិច្ច ពិនិត្យមើលទៅលើឯកសារនៅក្នុងសៀវភៅចុះលេខចេញ-ចូល នៅរដ្ឋបាលសង្កាត់ព្រែកប្រា អាចមានតម្លាភាព ហើយក៏អាចនិយាយបានថា រកឃើញនូវភាពមិនប្រក្រតីទាំងនេះ។
លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ហាក់ខ្ជីខ្ជាបន្តិចក្នុងការទទួលយកនូវការសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ខ្វះឆន្ទះចុះដោះស្រាយបញ្ហា ជាចំណុចខ្វះខាតក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ។
លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ផងដែរថា៖ ខ្ញុំបានណែនាំមិនអោយមន្ត្រីមូលដ្ឋានគ្រប់សង្កាត់ធ្វើឯកសារ បកក្រោយនៃកាលបរិច្ឆេតនោះទេ លោកថា នេះជាការប្រព្រឹត្តខុសច្បាប់។ បើជាស្មៀនខ្ញុំដកចោលភ្លាម បើចៅសង្កាត់ខ្ញុំត្រូវពិនិត្យ និងមានក្រុមប្រឹក្សាវិន័យធ្វើកិច្ចការនេះ។
លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា ក៏បានអៈអាងថា៖ រាល់ការរិៈគន់ទាំង៤ចំណុចខាងលើ លោកសូមបដិសេធន៍ និងច្រាលចោលទាំងស្រុង «ខ្ញុំអត់បានប្រព្រឹត្តចឹងទេ ធានាថាអត់មានមែន»..៕
ដោយ៖ សុខ ខេមរា