ភ្នំពេញ៖ ស្របពេលមានការព្រួយបារម្ភខ្លាំងពីមនុស្សនៅជុំវិញពិភពលោកមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចូលរួមប្រយុទ្ធនឹងការរីករាលដាលនៃជំងឺ Covid-19 តាមរយៈការបញ្ជ្រាបសារជាច្រើន។ ជាមួយគ្នានេះសិល្បករមួយចំនួនក៏បានបរិច្ចាកថវិកាផ្ទាល់ខ្លួនរួមជាមួយសប្បុរសជនជាច្រើននៅកម្ពុជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះជាមួយរដ្ឋាភិបាលផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជននានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ទីតាំងទាំង២កន្លែងទាំងនោះរួមមាន៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទអ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។ កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។
ទន្ទឹមគ្នានេះក៏មានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបន្តបន្ទាប់បានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 សិល្បករទាំងនោះមានដូចជាលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា លោក ខេមរៈ សិរីមន្ត លោក ខេម កញ្ញា ឱក សុគន្ធកញ្ញា នាយ ចឺម នាយ ពែកមី លោក ឆាយ វីរៈយុទ្ធ .ល.នៅមានអ្នកសិល្បៈជាច្រើនផ្សេងទៀត ដែលរៀបរាប់ មិនអស់សរុបទឹកប្រាក់បណ្តោះអាសន្ន លោក ហេង ឡុង ប្រាប់ថា មានប្រមាណជាង១,៥ម៉ឺនដុល្លារអាមេរិក។ ក្រៅតែអំពីការចូលរួមថវិកាសិល្បករជាច្រើនក៏បានផ្ញើសារក្រើនរំលឹកអំពីចូលរួមថែរក្សាអនាម័យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ៕ ដោយ វឌ្ឍនា