ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ក្នុង ករណីផ្ទុះស៊ីទែនប្រេងឥន្ធនៈក្នុងស្ថានីយ៍មួយ របស់ឈ្មោះ យាយលី បង្កជាអគ្គិភ៧យនិងធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នារត់ជាន់ជើងគ្នា ព្រមទាំងហៅរថយន្តពន្លត់អគិភ័យមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥និង៤០ល្ងាចថ្ងៃអាទិត្យ ១៤រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុកូនប្រសា និងចៅប្រុសម្ចាស់ស្ថានីយ៍សាំងខាងលើ បានបូមប្រេងពីរថយន្តដឹកប្រេង ដាក់ក្នុងស៊ីទែនស្ដុកប្រេងដូចរាល់ដង។ ខណ:ដែលកំពុងបូមប្រេងផ្ទេរពីរថយន្តសា្រប់តែឮសំឡេងផ្ទុះ ខ្ទាតចេញផ្កាភ្លើងឆាបឆេះ ក្នុងស៊ីទែនប្រេងដែលកំពុងបញ្ចូលប្រេងនោះតែម្ដង។ ភ្លាមៗនោះ អ្នកបញ្ចូលប្រេងក្នុងស៊ីទែន បានរត់ទៅបិតក្បាលរ៉ូប៊ីនណេប្រេង កុំឲ្យឆាបឆេះ និងបំពង់ពន្លត់អគ្គិភ័យ ប៉ុន្តែបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំង ២នាក់ ឪពុកកូនតែម្តង ។
ប្រភពដដែលបានឲ្យដឹងទៀតថាបន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ជាស្ថាពរដោយចំណាយពេលជិតមួយម៉ោង។ ចំណែកជនរងគ្រោះទាំង២នាក់ឪពុកនិងកូន ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរិសោភ័ណ្ឌ ដើម្បីជួយសង្គ្រោះភ្លាមៗដែរ ៕ សហការី