ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីកាប់ប្រពន្ធមួយកាំបិតប៉័ងតោរបួសយ៉ាងដំណំផ្ដើមចេញពីរឿងរកសោរផ្ទះ

ចែករំលែក៖

កណ្ដាល៖ ផ្ដើមចេញពីរឿងរកសោរផ្ទះ ប្ដីប្រពន្ធ២នាក់បានបង្កជាទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅ ធ្វើឲ្យបុរសជាប្ដីទប់កំហឹងពុំបាន ស្ទុះទៅយកកាំបិតប៉័ងតោកាប់ត្រូវក្បាលនារីជាប្រពន្ធរងរបួសក្បាលយ៉ាងដំណំ ។ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ិន ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រីនារីរងគ្រោះ ហ៊ិន ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មការិនីរោងចក្រ (រងរបួសក្បាលផ្នែកខាងក្រោយចំនួន១កាំបិតប្រវែង៧សង់ទីម៉ែត្រនិងដៃចំនួន១កាំបិត) ។ ជនសង្ស័យនិងនារីរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន កាំបិតប៉័ងតោចំនួន១ ។
ប្រភពដដែលបន្ដថា កាលពីវេលាម៉ោងថ្ងៃខែកើតហេតុជនសង្ស័យជាប្ដីបានសួរនារីរងគ្រោះជាប្រពន្ធ រឿងរកសោរផ្ទះ តែពុំដឹងជាមានរឿងហេតុអ្វី ស្រាប់តែអ្នកទាំងពីរ ក៏បានទាក់ពាក្យសម្ដីជាមួយគ្នាទៅវិញទៅមក រហូតដល់បានប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះ ជនសង្ស័យជាប្ដីទប់កំហឹងមិនបាន ក៏យកកាំបិតប៉័ងតោកាប់ទៅលើនារីរងគ្រោះជាប្រពន្ធចំក្បាលផ្នែកខាងក្រោយចំនួន១កាំបិត និងដៃចំនួន១កាំបិតទៀត បណ្ដាលឲ្យរងរបួសជាទម្ងន់ ។ ក្រោយពីមានរឿងហេតុកើតឡើង នារីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យរាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ រួចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជយ័


ចែករំលែក៖