ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋបណ្ដាលអោយស្រ្ដីវ័យចំណាស់ម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ស្រាលនៅក្បែរសាលាសង្កាត់ផ្សារដេប៉ូ២

ចែករំលែក៖

 

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់ឥវ៉ាន់មួយល្វែង បណ្ដាលអោយស្រ្ដីវ័យចំណាស់ម្នាក់ស្លាប់ និងមនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ស្រាល បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងកាលពីម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅផ្ទះលេខ៣២តាមបណ្ដោយផ្លូវលេខ២២១ កែវនិងផ្លូវលេខ១៤៦ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គឺផ្ទះត្រូវភ្លើងឆាបឆេះ ជាផ្ទះរបស់ប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរ ឥវ៉ាន់ចាប់ហួយ រួមមានលក់សាំង ច្រកដប ផងដែរ ។

អគ្គិភ័យនេះកើតឡើងគឺដោយសារតែរលំដបសាំង បង្កជាអណ្ដាតភ្លើងឆាបឆេះពេញផ្ទះតែម្ដង ខណៈនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ជាច្រើនបំពង់ផងដែរតែមិនអាចគ្រប់គ្រងបាន ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះបានមកដល់កន្លែងកើតហេតុជួយបាញ់ពន្លត់ជាស្ថាពរ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យមានមនុស្សស្រី្ដវ័យចំណាស់ម្នាក់ស្លាប់មានឈ្មោះ យ៉ន ស្រុីប អាយុ៧១ឆ្នាំ រស់នៅផ្ទះ

កើតហេតុនៅជាន់លើ និងមនុស្សប្រុសស្រី៥នាក់ ក្នុងនោះ ស្រី៤នាក់និងប្រុសម្នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយឆេះម៉ូតូ៤គ្រឿង និងសំភារៈនៅក្នុងផ្ទះទាំងស្រុង។

លោក នាយការិយាល័យ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់រអស់រថយន្តចំនួន១២គ្រឿង ៕ ជ្រោយពេជ្រ


ចែករំលែក៖