ភ្នំពេញ៖ ពិតជាកោតសរសើរខ្លាំងចំពោះតារាសម្ដែង ជើងចាស់លោក ជិន ស៊ីណារ៉ាក់ ដែលក្នុងនាមជាប៉ូលិសល្អ បានចូលទៅសង្គ្រោះមនុស្សក្នុងគ្រោះអគ្គិភ័យ មួយដែលលេបត្របាក់ផ្ទះពលរដ្ឋ នៅសង្កាត់ផ្សារដេប៉ូទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង ៥ល្ងាច ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០កន្លងទៅ។ ការលះបង់នេះ បានធ្វើឲ្យមហាជនកោតសរសើរខ្លាំងពីភាពក្លាហានមួយនេះ។
គេចាំបានថាសមត្ថកិច្ចបានចុះទៅជួយសង្គ្រោះភ្លាមៗ ក្នុងហេតុការណ៍នោះ ហើយតារាសម្ដែង ជិន ស៊ីណារ៉ាក់ ដែលជាមន្ត្រីប៉ូលិស ក្នុងខណ្ឌទួលគោកក៏គេឃើញ វត្តមានក្នុងការជួយសង្គ្រោះផងដែរ ដោយលោកបានសម្រុកចុះទៅ បីជនរងគ្រោះចេញពីភ្នក់ភ្លើងភ្លាមៗ ដោយមិនខ្លាចគ្រោះថ្នាក់។ តាមរយៈសកម្មភាពដ៏ស្វាហាប់ចាប់ជួយជនរងគ្រោះនេះ បានមហាជន និងបណ្ដាញសង្គមក៏បានដាក់នាមលោកថា «វីរបុរស» ព្រមដោយការកោតសរសើរ និងចែករំលែកយ៉ាងព្រោងព្រាតឆ្លៀតបន្ថែមដោយពាក្យជូនពរឲ្យលោកជោគជ័យក្នុងជីវិតផងដែរ។
ទោះជាយ៉ាងណានេះមិនមែនជា លើកទី១ឡើយ ដែលតារាសម្ដែង ជិន ស៊ីណារ៉ាក់ ក្នុងនាទីជាប៉ូលិស បានជួយសង្គ្រោះជីវិតមនុស្ស ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ កាលពីជាង១ឆ្នាំមុន លោកក៏បាន បញ្ចេញភាពក្លាហានជួយសង្គ្រោះជីវិតមនុស្សដូចគ្នា ហើយទទួលការលោកសរសើរ ពីមហាជនជាខ្លាំង ៕ ដោយ វឌ្ឍនា