ខេត្តបាត់ដំបង ៖ កម្លាំងមន្ទីរបរិស្ថានក្រោមការដឹកនាំរបស់លោកប្រធានស្នាក់ការរួម និងមន្ត្រីស្ម័គ្រចិត្តសហគមន៍សរុបចំនួន១៦នាក់ បានចុះល្បាត និងទប់ស្កាត់បទល្មើសប្រមាញ់សត្វព្រៃខុសច្បាប់ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងសត្វស្លាបងាប់ចំនួន៣៨ក្បាលទៀតផង ។
ប្រទិបត្តិការនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅតំបន់រ៉ាមសារព្រែកទាល់ត្រង់ចំណុចរាន៤៩ ហើយរហូតដល់វេលាម៉ោង០០និង ៥០ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារស្ទាក់ចាប់បានក្រុមចាប់កូនសត្វមានគ្នា៨នាក់ និងវត្ថុតាងបាន ចំនួន៦ការុង ដែលមានសត្វស្លាបទឹកសត្វរនាលពណ៌សរុបចំនួន៣៨ក្បាល ព្រមទាំងចាប់ឃាត់ខ្លួនជនល្មើសបានចំនួន៣នាក់ ដែលក្នុងនោះជនល្មើសរត់រួចខ្លួន ចំនួន៥នាក់។
សមត្ថកិច្ចចំបង្រ្កាបបាននិយាយថា នេះជាលើកទីពីរហើយ បន្ទាប់ពីកាលពីរអាទិត្យមុនយើងស្ទាក់ចាប់បានសត្វ៨ការុងស្មើនិង១២៣ក្បាលដែលងាប់តែមិនបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ណានោះទេ ព្រោះកញរុមជនសង្ស័យដឺងខ្លួនទាន់រត់គេចបាត់អស់ ។ ដោយឡែកដោយក្រុមជំនាញមានផែនការបង្រ្កាបយ៉ាងជាក់លាក់ ទើបនៅលើកទី២នេះឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងរឹបអូសសត្វរនាលពណ៌ងាប់បាន៦ការុង ស្មើនឹង៣៨ក្បាលហើយក្រុមការងារបានបញ្ចូនជនសង្ស័យនិងវត្ថុតាង ដើម្បីធ្វើកំណត់ហេតុ និងរៀបចំនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ សហការី