ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅតែបន្តគ្រប់ទឹក

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើនៅក្នុងភូមិសាស្រ្ត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅតែកើតមានជាធម្មតា ដោយសារតែពួកមន្រ្តី មេព្រៃជា អ្នកឃុបឃិតបើកដៃ។ កាលពីប៉ុន្មានថ្ងៃមុន មន្រ្តីនគរបាលបានចុះទៅបង្ក្រាបការដឹក ជញ្ជូនឈើនៅតំបន់នោះម្តងដែរ ប៉ុន្តែការបង្ក្រាបនោះត្រូវគេអះអាងថា ដោយសារតែ​ប៉ះពាល់នឹងផលប្រយោជន៍ ពោលគឺរវាងពួកមន្រ្តីនគរបាល នឹងពួកមេព្រៃមិនត្រូវគ្នា​នោះទេ។ ដូច្នេះអ្នកដែលរងគ្រោះ គឺមានតែពួកឈ្មួញរកស៊ី។ យ៉ាងណាក៏ដោយវិធាន​ការរបស់នគរបាលដែលបង្ក្រាបរថយន្តដឹកឈើ ត្រូវគេអះអាងថា ប្រៀបដូចជាវាយ បំបែកឆ្នាំងបាយសមត្ថកិច្ចរដ្ឋបាលព្រៃឈើយ៉ាងនោះដែរ។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំរស្មីសាមគ្គី បានឲ្យដឹងថា កាលពីថ្ងៃទី​២៧ ខែមីនា កម្លាំងនគរបាលបានឃាត់រថយន្តម៉ាកទីតាន់ចំណុះ២តោនកន្លះមួយ គ្រឿងដែលដឹកជញ្ជូនឈើខុសច្បាប់នៅត្រង់ចំណុចផ្លូវកោងភូមិអូរផ្តៅ ឃុំរស្មីសាមគ្គី ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួននៅពេលសមត្ថកិច្ចបង្ក្រាប។ ប្រភព​បានឲ្យដឹងទៀត​ថា រថយន្តដឹកឈើនោះដឹកចូលមកដល់កន្លែងសមត្ថកិច្ចបង្ក្រាបតាំងពីថ្ងៃទី២៦ ខែ​មីនា ហើយលាក់ទុកក្នុងព្រៃមុនពេលបន្តដំណើរទៅមុខទៀត ហើយ​នៅថ្ងៃទី២៧ ខែមីនា ទើបសមត្ថកិច្ចបង្ក្រាប។ ចំនួនឈើសរុបក្នុងរថយន្តនោះគឺ៦,២៧៦ ម៉ែត្រគូប ហើយក្រោយពេលបង្ក្រាបសមត្ថកិច្ចនគរបាលបានប្រគល់វត្ថុ​ តាងទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។ យ៉ាងណាក៏ដោយ​បើតាម​ប្រភពបានអះអាងថា ពួករដ្ឋបាល ព្រៃឈើ ដាក់ការកត់សម្គាល់ថា មានឈ្មួញរកស៊ីដឹក​ឈើ​ជាច្រើនទៀត​ ដែលសមត្ថកិច្ច្ នគរបាលមិនហ៊ានប៉ះពាល់។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនៃការកាប់ និងដឹក ជញ្ជូនឈើបានកើតមានជាហូរហែ ដោយគ្មានការបង្ក្រាបនោះឡើយ។ ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ស្ពឺ បានដឹងអំពីសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនេះដែរ ប៉ុន្តែ​គេមិន ដែលឃើញលោកប្រធានចាត់វិធានការឲ្យមន្រ្តីរដ្ឋបាលព្រៃឈើបង្ក្រាបម្តងណា ឡើយ។ ប្រជាពលរដ្ឋទូទៅក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​​អះអាងថា គ្មាននរណាទៅល្ងង់ ភ្លើ វាយបំបែកឆ្នាំងបាយខ្លួនឯងនោះទេ។ ដោយសារតែបញ្ហាមិនអាចវាយបំបែកឆ្នាំងបាយនោះហើយ ទើបពួកឈ្មួញបានដៃ និងបង្កើន​សកម្មភាពកាប់ និងដឹកជញ្ជូនឈើជាចំហតែម្តង។ ពួកគេគ្រាន់តែទាក់ទង ជាមួយពួកមេព្រៃប្រចាំតំបន់តាមទូរស័ព្ទ រួចដឹកជញ្ជូនឈើទាំងយប់ ទាំងថ្ងៃ ដោយមិន ញញើត​ច្បាប់ទម្លាប់អ្វីឡើយ៕


ចែករំលែក៖