ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងករណីហិង្សាដោយចេនាមានស្ថានទម្ងន់ ចាក់មនុស្សឲ្យរបួស ដោយប្រើឧបករណ៍ដែកមុតស្រួចរាងអក្សរ(T)ហេតុការណ៍នេះបានក់តឡើងនៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ជនបង្កឈ្មោះ ភួង ភា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ សឿន ទីន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរត្រូវជាបងថ្លៃជនសង្ស័យ ហើយក៏ជនរងគ្រោះ បានបញ្ជាក់ថា៖ កាលពីថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង៤០នាទី ក្រោយពីហូបបាយល្ងាចរួចគាត់ និងប្រពន្ធអង្គុយលេងនៅកាំជណ្តើរលើផ្ទះឯឈ្មោះ ភា ប្អូនថ្លៃនៅអង្គុយលេងលើគ្រែក្រោមផ្ទះ គាត់ក៏ស្រែកហៅថា៖ អាភួងមកហូបបាយ ឈ្មោះ ភួង ក៏តបវិញថា អត់ទាន់ហូបទេបង ហូបមុនទៅ មួយសន្ទុះគាត់ក៏ឃើញឈ្មោះ ភួង ឡើងមកលើផ្ទះ ហើយដើរហួសទៅផឹកទឹកនៅក្រោយ រួចក៏ត្រឡប់មកវិញ ពេលនោះគាត់មិនបានតាមមើលទេ ឈ្មោះ ភួង ក៏សួរគាត់ថា អ្នកស្អែកទៅណាអត់ គាត់ក៏តបវិញថា អញអត់ទៅណាទេ និយាយមិនទាន់ចប់ផង ស្រាប់តែឈ្មោះ ភួង បានវាយគាត់ពីក្រោយជាច្រើនដៃ ពេលនោះប្រពន្ធ និងកូនគាត់នៅក្បែរនោះរត់មកជួយហើយស្រែកហៅបងប្អូនឲ្យមកជួយឃាត់ដែរ ក៏ប្រតាយប្រតប់គ្នា ពេលនោះគាត់មិនដឹងត្រូវ និងអ្វីក៏ដួលលើរនាបផ្ទះហើយបងប្អូនខ្លះមុតដៃខ្លះមុតទ្រូងនឹកស្មានតែមុតដែកគោលពេលនាំគ្នាចាប់ឈ្មោះ ភួង បានក៏ឃើញនៅនិងដៃមានកាន់ដែកចុងស្រួចជាប់ ទើបដឹងថាទាំងអស់គ្នាមុត និងដែកនោះ ក្រោយមកក៏នាំគ្នាទៅព្យាបាលរបួស ចំណែករូបគាត់របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុកស្ទោង ។
ក្រោយពីទទួលបានដំណឹងភា្លមកម្លាំងនគរបាលប៉ុស្ដិ៍ឃុំដូង ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង និងកសាងសំណុំរឿងតាមនីតិវិធី ។
មូលហេតុ: ជនសង្ស័យស្រវឹងស្រា មានសតិមិនគ្រប់គ្រាន់។
សូមបញ្ជាក់: ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារម្ដងរួចហើយពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕ ប៊ុនរិទ្ធី