ភ្នំពេញ៖ “ការពារខ្លួនអ្នក, គ្រួសារអ្នក,នៅផ្ទះដើម្បីប្រទេសកម្ពុជា និងពិភពលោកទាំងមូល” គឺជាសំឡេងសាររួមគ្នារបស់សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចែករំលែក អមដោយរូបភាពពាក់អាវពណ៌ស ពាក់ម៉ាស់ការពារ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាយដាល់នៃជំងឺរាតត្បាត Covid-19។
តារាប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញរូបថតពាក់ម៉ាស់អម ដោយសារអប់រំខ្លីមានន័យជ្រៅជាការរំលឹកឲ្យប្រជាជនកម្ពុជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ សិល្បករប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ជា វិបុល អ្នកនាងគង់ សុជាតិ អ្នកនាងទេព បូព្រឹក្ស លោក គីម សីហា អ្នកនាង គង់ ចាន់ស្រីមុំ កញ្ញា អេដា លោក ខាត់ វ៉ៃហាំង កញ្ញា សិន យូប៊ីន កញ្ញា ហិន ចាន់នីរ័ត្ន កញ្ញា សុភ័ក្រកុសុម៉ា ជាដើម។
ពួកគេលើកឡើងថា ថា កាលពីប៉ុន្មានខែមុនយើងមិនទាំងស្គាល់ពាក្យថា “Corona virus ” រឺ “វីរុសកូរ៉ូណា” ផង។សព្វថ្ងៃនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយមិនឈប់ឈរបានធ្វើអោយយើងភាគច្រើនបានក្លាយជាអ្នកជំនាញខ្លួនឯងលើជំនាញការពារខ្លួនរោគរាតត្បាត។វីរុសនេះកាចសាហាវ ហើយចំនួនកើនឡើងក៏លឿន ហើយវាកំពុងរាតត្បាតលើពិភពលោក។ នាងថាក្នុងកំឡុងពេលនេះផងដែរយើងក៏បានបន្ថែមពាក្យថ្មី ដែលកំពុងកំណត់នឹងឆ្លុះបញ្ចាំងជីវិតប្រចាំថ្ងៃ “ការឃ្លាតឆ្ងាយពីសង្គម” រឺ ” social distancing” ។នាងបន្តថាពិភពលោកកំពុងផ្លាស់ប្តូរមួយប៉ព្រិចភ្នែក ដែលយើងមិនធ្លាប់បានគិតពីមុនមក ប៉ុន្តែយើងក៏កំពុងផ្លាស់ប្តូរវាជាមួយគ្នាថ្ងៃនេះពួកយើងចូលរួម ដើម្បីជាចំណែកដាស់តឿន ពង្រឹងស្មារតីប្រជាជនកម្ពុជាអោយ ចេះការពារខ្លួនពីជំងឺ Covid -19។
ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងអំណរគុណចំពោះបណ្តាញផ្សព្វផ្សាយ អ្នកនិពន្ធ សិល្បករទាំងឡាយ ដែលបានចូលរួមជួយអប់រំប្រជាពលរដ្ឋ និងជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺCovid-19។
គួរបញ្ជាក់ដែរថាគិតរហូតដល់ព្រឹកថ្ងៃទី០១ ខែមេសាឆ្នាំ ២០២០នេះមានសរុបចំនួន ១០៩នាក់ ខណៈការព្យាបាលជាសះស្បើយសរុបកើនដល់២៥នាក់ គឺប្រមាណជាង២៣ភាគរយនៃអ្នករកឃើញសរុប៕ អត្ថបទ៖ វឌ្ឍនា រូបភាព៖ C.Nation Studio