ខេត្តសៀមរាប៖ ចោរប្រើចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់ឡាន ដើម្បីលួចយកកាបូបលុយ និងទ្រព្យសម្បត្តិនៅក្នុងរថយន្ត ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ នៅបណ្ណាគារម្ដុំក្រោយធនាគារ កាណាឌីយ៉ា ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹម ហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរម្ចាស់កន្លែងដូរលុយ យីហោ ហាក់ជួង ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជាម្ចាស់រថយន្ដម៉ាក Toyota Fortuner ពណ៌ ទឹកមាស (ស្លេក) ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6822។
មុនពេលពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តនោះទៅចតឡាននៅកន្លែងកើតហេតុរួចចុះទៅទិញឥវ៉ាន់នៅក្នុងបណ្ណាគារ នៅពេលកំពុងតែទិញឥវ៉ាន់ ស្រាប់តែឮសំលេងឡានរបស់ខ្លួន រោទិ៍សញ្ញាអាសន្ន និងសំលេងមនុស្សស្រែកថាចោរៗ ក៏ឃើញជនសង្ស័យរត់ឆ្លងផ្លូវទៅឡើងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AU-6295 លេខតួ+លេខម៉ាស៊ីន-8554550 ដែលមានជនសង្ស័យម្នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អង្គុយចាំឌុបប៉ុន្តែត្រូវអ្នកបើករឺម៉កនៅជិតកន្លែងកើតហេតុ ស្រែកថាចោរៗ ហើយ ជួយដេញចាប់ដោយប្រតាយប្រតប់ បណ្ដាលឲ្យដួលម៉ូតូ ហើយជនសង្ស័យក៏ទំលាក់កាបូបស្ពាយ ពណ៌ខ្មៅចំនួន០១ហើយរត់ចោលម៉ូតូទៅតាម ផ្លូវចំហៀងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប ដើម្បីរត់គេចខ្លួនបាត់។
ក្រោយមកអ្នកបើករ៉ឺម៉កក៏យកកាបូបស្ពាយនោះទៅអោយជនរងគ្រោះវិញទើបដឹងថា ឡានត្រូវគេបាញ់ឲ្យបែកកញ្ចក់ចំហៀងខាងមុខផ្នែកខាងស្ដាំហើយកាបូបដែលគេយកមកឲ្យវិញនោះ គឺកាបូបស្ពាយរបស់កូនសម្រាប់ស្ពាយទៅរៀនទេ ហើយក្នុងនោះគឺមិនមានអ្វីទេ កាបូបនោះគឺខ្លួនទុកនៅក្នុងឡាន លើកៅអីខាងមុខផ្នែកខាងស្ដាំ។
សមត្ថកិច្ចឆែកក្នុងកែបម៉ូតូរបស់ជនសង្ស័យ រកឃើញសោរកែឆ្នៃសម្រាប់កាច់សោរ ក ម៉ូតូចំនួន២ដើម,ដែកខ្លីចុងស្រួចចំនួន២ដើម ទុកក្នុងប្រអប់បារី។
យោងទៅតាមវីដេអូការបស់មេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យយកចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់រថយន្ត។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា។ ចំណែកម៉ូតូរបស់ជនសង្ស័យបន្សល់ទុក និងវត្ថុតាងផ្សេងៗទៀតត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុងសៀមរាបដែលចោរប្រើវិធីលួចដោយបាញ់បំបែកកញ្ចក់ឡានបែបនេះ៕ ប៊ុនរិទ្ធី