ខេត្តព្រៃវែង៖ កម្លាំងនគរបាលក្រុងព្រៃវែង បានសហការជាមួយកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដេញស្ទាក់ក្របួចចាប់បានជនសង្ស័យមុខសញ្ញាចោរលួចម៉ូតូ១គ្រឿងបានសម្រេច ដោយចំណាយពេលយ៉ាងយូរទើបឃាត់ខ្លួនបាន។
ករណីនេះកើតឡើង នៅរសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ១១ ក្បែរខ្លោងទ្វារខាងត្បូងវត្តសុវណ្ណរង្សី ក្រុង-ខេត្តព្រៃវែង ហើយស្ទាក់ចាប់បាននៅចំណុចរង្វង់មូលស្វាយអន្ទរផ្លូវជាតិលេខ៨ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
មន្រ្តីនគរបាលក្រុងព្រៃវែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលួចម៉ូតូជនរងគ្រោះឈ្មោះ មុត សាលី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិភគនេស្ស សង្កាត់តាកោ ក្រុង/ខេត្តព្រៃវែង គ្រាដែលដាក់នៅមុខផ្ទះ ដែលម៉ូតូនោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P-7297 ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រៃវែង កសាងសំណុំរឿងបញ្ជួនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការតាមច្បាប់បន្ត៕
សហការី