ក្រោយមានការរាលដាលកាន់តែខ្លាំង វីរុសកូវីដ-១៩ នៅលើពិភពលោក ដោយមានប្រទេស ជាង ២០០ មានវត្តមានកូវីដ-១៩និងពលរដ្ឋ ជាង ១,១លាននាក់បានឆ្លងនិងស្លាប់ជិត៦ម៉ឺននាក់។ ប្រទេសមួយចំនួនកំពុងប្រឈមនៅបញ្ហាកាន់តែខ្លាំង ដោយសារតែទណ្ឌកម្មរបស់អាមេរិក ។
ចំណុចទាំងនោះហើយបានជា ប្រទេសស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ទាំង៧៧ប្រទេសរួមទាំងចិនបាន ស្នើអាមេរិកលុបទណ្ឌកម្មឯកតោភាគី។
នៅថ្ងៃទី៤ខែមេសា ចិន និងបណ្តាប្រទេសស្ថិតនៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ទាំង ៧៧ប្រទេស ហៅកាត់ថា( G-77) បានអំពាវនាវឲ្យបញ្ចប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។
នៅក្នុងសេចក្តីប្រកាស ក្រុមប្រទេសកំពុងអភិវឌ្ឍន៍បានចេញសេចក្តីប្រកាសថា ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចជាឯកតោភាគី នឹងជះឥទ្ធិពលអាក្រក់ដល់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។
ប្រទេស G-77បានព្រមានថា ការដាក់ទណ្ឌកម្មទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាព ដឹកជញ្ជូនសម្ភារៈបរិក្ខាពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ។ដូច្នេះត្រូវតែលុបចោលជាបន្ទាន់នៅច្បាប់ ដាក់ទណ្ឌកម្មទាំងឡាយ។
ប៉ុន្តែ អាមេរិកបានច្រានចោលជាច្រើនលើកមកហើយ ពីសំណើ លុបទណ្ដកម្ម ដល់បណ្តាប្រទេស ដូចជា អ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា កូរ៉េខាងជើង គុយបា ជាដើម ដើម្បីឲ្យប្រទេសនេះមានសមត្ថភាពក្នុងការទប់ស្កាត់កូវីដ-១៩ ។
G-77គឺជា ក្រុមប្រទេសកំពុងអភីវឌ្ឍន៍ នៅក្នុងអង្គការសហប្រជាជាតិ ហើយប្រទេសទាំងនោះមានតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ ក្រុមប្រទេសG-77 មានពលរដ្ឋសរុបដល់ទៅជាង៨០ភាគរយនៃពលរដ្ឋនៅលើពិភពលោក ៕ ដោយ៖ធីរីណា