អាមេរិកមិនមែនជាប្រទេសកើតកូវីដ-១៩ មុនគេនោះឡើយ ដោយវីរុសនេះបានរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក ទើបឆ្លងដល់អាមេរិក។ ប៉ុន្តែដោយសារតែលោកត្រាំ ធ្វេសប្រហែស ហើយប្រាប់ពលរដ្ឋកំឲ្យភ័យ ការពារ ដូចការពារជំងឺផ្តាយសាយធំបានហើយ។
ចំណុចទាំងនោះហើយទើបធ្វើឲ្យការឆ្លងរាលដាលនៅអាមេរិក កាន់តែខ្លាំងឡើងលើសពីសមត្ថភាពគ្រប់គ្រង។ គិតត្រឹមថ្ងៃទី៣ខែមេសា អាមេរិកមានករណីឆ្លងកូវីដ-១៩ ជិត ២៧៨ពាន់នាក់ហើយ និងស្លាប់ជាង៧ពាន់នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយក៏បានកើនឡើងជាង១២ពាន់នាក់ផងដែរ។
អាមេរិករងផលប៉ះពាល់ខ្លាំងជាងគេពីកូវីដ១៩ ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងជាគំហុក ហើយអាជីវកម្មក្នុងប្រទេសត្រូវបិទទ្វារបន្តកន្ទុយគ្នា។ ទិន្នន័យចុងក្រោយនេះ បានធ្វើឱ្យអ្នកវិភាគ និយាយអ្វីមិនចេញពីទំហំនៃការខូតខាតរបស់សេដ្ឋកិច្ចអាមេរិក ដែលបង្កដោយជំងឺរាតត្បាតកូវីដ១៩។
ការឆ្លងរីករាលដាលខ្លាំងនិងឥតឈប់នៃវីរុសកូវីដ១៩ នៅតែជាបញ្ហាធំដែល ធ្វើឲ្យពិភពលោកទាំងមូលភ័យព្រួយបារម្ភខ្លាំង។ ទោះបីជា ប្រទេសជាងពាក់កណ្តាលនៃភពផែនដី កំពុងតែអនុវត្តនូវវិធានការរិតត្បិតដូចជាបិទខ្ទប់ទីក្រុង ឬក៏ប្រទេសទាំងមូលយ៉ាងណាក្តី ក៏វីរុសកូវីដ១៩ នៅតែបន្តបោះពួយឆ្លងរាតត្បាតយ៉ាងលឿនគ្មានឈប់ដែរ។
បើតាមរបាយការណ៍ជាផ្លូវការមួយ គិតត្រឹមថ្ងៃសុក្រ ទី៣ មេសានេះ អត្រាអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងរហូតដល់ចំនួនជាង ១ លាន ៣ ម៉ឺននាក់ ហើយអ្នកស្លាប់កើនឡើងដល់ជាង ៥ ម៉ឺន ៤ ពាន់នាក់។
កូវីដ១៩ គឺជាវិបត្តិដ៏គ្រោះថ្នាក់បំផុតមួយ ដែលពិភពលោកមិនធ្លាប់បានជួបប្រទះទាល់តែសោះ ក្រោយសម័យសង្រ្គាមលោកលើកទី២។ ចំនួនអ្នកឆ្លងកូវីដ១៩ បន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រទេសជាច្រើនក្នុងពិភពលោក នៅតែមិនទាន់អាចរើរលាស់ខ្លួនចេញរួចពីការឆ្លងរីករាលដាលនៃកូវីដ១៩ឡើយ ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
នៅអាមេរិក គេចាប់អារម្មណ៍ឃើញថា ស្ថានការណ៍កំពុងធ្លាក់ក្នុងសភាពដុនដាបខ្លាំងជាងគេ។ ចំនួនអ្នកឆ្លងកើនច្រើនខ្លាំង និងនាំមុខគេនៅទូទាំងពិភពលោក ចំណែកតួលេខអ្នកស្លាប់វិញ ក៏កើនឡើងខ្លាំងគួរឲ្យបារម្ភជាទីបំផុតដែរ រហូតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថាប្រទេសអាមេរិករបស់លោក កំពុងជួបគ្រោះអាក្រក់បំផុត។
គួរបញ្ជាក់ជូនថា រហូតមកទល់នឹងពេលនេះ អាមេរិកមានអ្នកឆ្លងកូវីដ ១៩ ចំនួនជាង ២៤ ម៉ឺន ៥ពាន់នាក់ និងមានស្លាប់កើនឡើងដល់ជាង ៦ពាន់នាក់ បន្ទាប់ពីមានអ្នកស្លាប់រហូតដល់ជាង ១ពាន់ ១រយនាក់ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយនេះ។
សហរដ្ឋអាមេរិក នាខណៈនេះ កំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏អាក្រក់បំផុតមួយ។ មិនត្រឹមតែប្រជាពលរដ្ឋអាមេរិកនោះទេ ដែលធ្លាក់ខ្លួនក្លាយជាជនរងគ្រោះពីវិបត្តិកូវីដ១៩ ។ ក៏ប៉ុន្តែ សេដ្ឋកិច្ចអាមេរិក ក៏ដូចគ្នាចឹងដែរ។
សេដ្ឋកិច្ចរបស់អាមេរិក បានបង្ហាញសញ្ញាកាន់តែមិនល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាពលរដ្ឋអាមេរិក ធ្លាក់ខ្លួនឈឺ និងស្លាប់កាន់តែច្រើន រីឯទីក្រុងជាច្រើននៅក្នុងប្រទេសក៏ត្រូវបានបិទទ្វារ រហូតធ្វើឲ្យទីក្រុងមួយចំនួនក្លាយទៅជាស្ងាត់ជ្រងំ ហាក់បីដូចជាទីក្រុងខ្មោច។
សហរដ្ឋអាមេរិក ដែលធ្លាប់តែជាប្រទេសសកម្ម មានភាពអ៊ូអរ ក្លាយជាប្រទេសអសកម្ម មនុស្សមិនហ៊ានដើរចេញក្រៅបើគ្មានការចាំបាច់។ មួយវិញទៀត ហាង និងអាជីវកម្មនានា នៅទូទាំងប្រទេសអាមេរិក ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែខ្លាចមេរោគឆ្លងរាតត្បាតសកល-កូវីដ១៩។ ទាំងនេះហើយ ដែលជាកត្តាធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ត្រូវជួបគ្រោះអាសន្នធំដោយជៀសមិនរួចឡើយ។
ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិក កើនឡើងជាគំហុកនៅមួយរយៈពេលចុងក្រោយនេះ។ បើយោងទៅតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រនេះ ចំនួនអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនដល់ប្រមាណជា ១០ លាននាក់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែមីនា។
អត្រាអ្នកគ្មានការងារធ្វើ នៅអាមេរិកអាចនឹងកើនឡើងទៅដល់ចំនួន ៤%។ មិនតែប៉ុណ្ណោះ គេព្យាករណ៍ទៀតថា ចំនួនអ្នកគ្មានការងារនៅអាមេរិក នឹងកើនឡើងទ្វេដង នៅក្នុងខែមេសានេះ ពោលគឺនឹងមានចំនួន ២០ លាននាក់ ហើយនេះអាចរាប់ចាត់ទុកថា ជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយរបស់អាមេរិក គឺធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ ២០០៨ ទៅទៀត។
ទិន្នន័យចុងក្រោយនេះ ធ្វើឱ្យអ្នកវិភាគមួយចំនួន និយាយអ្វីមិនចេញឡើយពីទំហំនៃការខូតខាតរបស់សេដ្ឋកិច្ចអាមេរិក ដែលបង្កឡើងដោយវិបត្តិកូវីដ១៩។ ដោយឡែក សេដ្ឋវិទូខ្លះ បានព្យាករណ៍ថា អត្រាអ្នកបាត់បង់ការងារនៅអាមេរិក នឹងយ៉ាប់យ៉ឺនបំផុត រាប់គិតចាប់តាំងសម័យពីសង្គ្រាមលោកលើកទី ២ មក៕ដោយ៖ធីរីណា