អាមេរិក៖ យោងតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទូទាំងអាមេរិក មានអ្នកស្លាប់ដោយកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកមានដល់ទៅ១៩២៥នាក់ ធ្វើឲ្យអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ ជិត ១៣ពាន់នាក់ហើយ។ ករណីឆ្លងសរុបនៅអាមេរិក កើនដល់ ៣៩៥,៧៣៩នាក់។ ក្រុមអ្នកឯកទេសបានលើកឡើងថា ចំនួននេះអាចនឹងបន្តកើនឡើង២-៣ថ្ងៃខាងមុខទៀត។
តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យវេជ្ជសាស្ត្រខ្លាំង ប៉ុន្តែមិនអាច ការពារខ្លួនបានពីកូវីដ-១៩នោះឡើយ។
ក្រុមមនុស្សមួយចំនួនបានដាក់ចោទសួរថា កូវីដ-១៩ កំពុងតែដេញជើងប្រទេសមានវិស័យវេជ្ជសាស្ត្រ ខ្លាំងមែនឬ? ក្នុងពេលដែលប្រទេសមានវិស័យវេជ្ជសាស្ត្រ ខ្សោយ តែអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩ មានតិចជាង ប្រទេសដែលខ្លាំងក្នុងវិស័យនេះ។ ក្រៅពីអាមេរិក នៅមាន អេស្ប៉ាញ អ៊ីតាលី បារាំង គឺមានអ្នកស្លាប់ច្រើនជាងគេបង្អស់ ក្នុងចំណោយប្រទេសនិងដែនដីជាង២២០ ដែលបានឆ្លងកូវីដ-១៩។
នៅពេលនេះ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១,៩៤២ករណី, ស្លាប់សរុប ១៤,០៤៥នាក់, ស្លាប់ថ្មី ៧០៤នាក់ ។ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣៥,៥៨៦ករណី, ស្លាប់សរុប ១៧,១២៧នាក់, ស្លាប់ថ្មី ៦០៤នាក់។ បារាំង ករណីឆ្លងកើនដល់ ១០៩,០៦៩ករណី, ស្លាប់សរុប ១០,៣២៨នាក់, ស្លាប់ថ្មី១៤១៧នាក់៕ ធីរីណា