សមាជិក រាជវង្សអារ៉ាប៊ីសាអូឌីត ដល់ទៅ១៥០អង្គបានឆ្លងកូវីដ-19 បង្ខំឲ្យព្រះមហាក្សត្រ និងរាជទាហាន ត្រូវ កាត់ផ្តាច់ទៅគង់នៅដាច់ដោយឡែកខ្លាចឆ្លងកូវីដ។ ព្រះមហាក្សត្រ Salman ព្រះជន៨៤ ព្រះវស្សា បានជម្លៀសព្រះកាយទៅគង់នៅជិតទីក្រុង Jeddah ។ចំណែករាជទាយាទ Mohammed bin Salman ព្រះជន៣៤ព្រះវស្សា ជាអ្នកត្រូវស្នងដំណែងព្រះមហាក្សត្រ ត្រូវជម្លៀសទៅគង់នៅតំបន់សមុទ្រក្រហម រួមទាំងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត។
តាមសារព័ត៌មាន The Times បានផ្សាយ នៅថ្ងៃទី១០ ខែមេសា ថា សមាជិករាជវង្សជាច្រើនអង្គបានឆ្លងកូវីដ-១៩ ហើយត្រូវនៅឲ្យឆ្ងាយពីព្រះរាជវាំង។ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ King Faisal នៃទីក្រុងរីយ៉ាត កំពុងតែព្យាបាលឲ្យសមាជិករាជវង្សផ្សេងទៀត ហើយក៏បានត្រៀមគ្រែពេទ្យ ជាង៥០០បន្ថែមទៀត ដើម្បីបង្ការខ្លាចមានអ្នកឆ្លងកើនឡើងផងដែរ។
រាជវង្សអារ៉ាប៊ីសាអ៊ូឌីត មានរាជបុត្ររាប់ពាន់អង្គ ហើយក្នុងចំណោមរាជបុត្រមួយចំនួន ក៏ធ្លាប់ចេញចូលទៅកាន់តំបន់អឺរ៉ុប ជាទីកន្លែងងាយឆ្លងកូវីដ-១៩បំផុត។
សារព័ត៌មាន New York Times បានផ្សាយថា រាជបុត្រ Faisal bin Bandar bin Abdulaziz Al Saud អភិបាលរាជធានីរីយ៉ាត មានព្រះជន្ម៧០វស្សា បានឆ្លងកូវីដ-១៩ កំពុងតែទទួលការព្យាបាលយ៉ាងពិសេស។ ទីក្រុងជាច្រើន ក្នុងនោះមានរាជធានីរីយ៉ាត ក៏បានដាក់ក្នុងគ្រាអាសន្ន រយៈពេល២៤លើ២៤ម៉ោង ។
នៅក្នុងរាជវង្សអារ៉ាប៊ីសាអ៊ូឌីត មានសមាជិកសរុបទាំងអស់ ប្រមាណ១៥ពាន់អង្គ ភាគច្រើនជាសមាជិករដ្ឋាភិបាល អ្នកជំនួញធំៗនៅក្នុងប្រទេសនេះ និងមានពលរដ្ឋ ៣៣លាននាក់។ នៅទូទាំងប្រទេស មានអ្នកឆ្លង សរុបកើនឡើងដល់ទៅជាង ៣២០០នាក់ និងស្លាប់៤៤នាក់៕