ភ្នំពេញ៖ ដើម្បីចូលរួមអនុវត្តតាមការណែនាំ ក្រសួងសុខាភិបាល ក្រសួងការងារ និងគោលការណ៍ របស់រាជរដ្ឋាភិបាល បង្ការ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩
នៅថ្ងៃត្រង់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២០នេះ កម្មករ កម្មការីនីមួយចំនួននៅតាមរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដែលទើបត្រឡប់មកពីស្រុកកំណើតវិញ ត្រូវបានអាជ្ញាធរតម្រូវអោយធ្វើតាមវិធានការ ចត្តាឡីស័ក ដោយឃាត់ទុកដាក់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ នៅអាគារដែលមន្ទីរការងារនិងអជ្ញាធរខេត្តរៀបចំក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មិនទាន់អនុញ្ញាតអោយចូលធ្វើការទេ ដើម្បីបង្ការ ពីការចម្លងមេរោគកូវីដ១៩។
សូមជម្រាបថា៖ យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្ដី ជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត ម្ចាស់ផ្ទះជួលក្នុងដែនសមត្ថកិច្ចខេត្ត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថានភាពជំងឺកូវីដ ១៩ ស្ថិតក្នុងដំណាក់កាលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឱ្យមានការចម្លងរាតត្បាត ចូលក្នុងសហគមន៍ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយទៀត ដែលមិន បានគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណ៌ជាតិខ្មែរ ដែលមានការសម្រក ចេញទៅស្រុកកំណើតកន្លងមកនេះ។ ដើម្បីបង្ការហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ចំពោះកម្មករ/កម្មការិនី ដែលអវត្តមាន និងបានវិលត្រឡប់មកកន្លែងធ្វើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ពួកគាត់វិញ នោះ ត្រូវចាត់វិធានការលើបុគ្គលទាំងនោះដោយត្រូវតែដាក់ខ្លួនឱ្យដាច់ដោយឡែក (ចត្តាឡីស័ក) ក្នុងរយៈ ពេលចំនួន ១៤ ថ្ងៃជាចាំបាច់ ដោយមានការតាមដានគ្រប់គ្រាន់ពីស្ថាប័នពាក់ព័ន្ធ។ ដូច្នេះដើម្បីអនុវត្តវិធានប្រកបដោយប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះបានធ្វើការណែនាំដូចខាងក្រោម៖
១. ចំពោះម្ចាស់ ឬនាយកសហគ្រាស ត្រូវមានបញ្ជីឈ្មោះកម្មករនិយោជិតដែលអវត្តមាន និងចាត់បញ្ជូនបុគ្គលទាំងនោះទៅមណ្ឌលដាក់ ខ្លួនឱ្យដាច់ដោយឡែកចត្តាឡីស័ក សុខាភិបាលរយៈពេល ១៤ ថ្ងៃមុនអនុញ្ញាតឱ្យចូលបម្រើការងារវិញ។
២. ចំពោះកម្មករនិយោជិត៖ , ចំពោះកម្មករនិយោជិត ដែលអវត្តមាន ត្រូវស្ម័គ្រចិត្តដាក់ខ្លួនឱ្យដាច់ដោយឡែក (ចត្តាឡីស័ក) ក្នុង រយៈពេលចំនួន ១៤ ថ្ងៃជាចាំបាច់ និងចូលរួមសហការតាមការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ។
ការចូលរួមអនុវត្តវិធានការនេះ ពីកម្មករ កម្មការីនី គឺពួកគាត់ស្រឡាញ់សុខភាពខ្លួនឯង អ្នកដ៏ទៃ ក្រុមគ្រួសារ សហគមន៍ បង្ការ ទប់ស្កាត់ ការពារការរីករាលដាល នៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ ថ្ងៃនេះក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ដំណឹងល្អថ្ងៃនេះ គ្មានអ្នកឆ្លងកូវីដ-១៩, ព្យាបាលជាសៈស្បើយបន្ថែមថ្មីចំនួន៥នាក់, អ្នកជាកើនដល់១០៣នាក់ ។
ក្នុងនោះបានបង្ហាញទិន្និន័យដូចខាងក្រោម៖
-អ្នកជាសះស្បើយថ្មីចំនួន ៥នាក់
-សរុបអ្នកជាសះស្បើយមានចំនួន ១០៣នាក់
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១៩នាក់
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕ដោយ៖ សិ លា