ព័ត៌មានទាន់ហេតុការណ៍៖

ឱថៅកែរថយន្ដដឹកដីអើយ!ក្មេងមិនទាន់គ្រប់អាយុផងមកឲ្យបើករថយន្ដដឹកដីបត់ឆ្លងផ្លូវបង្កឲ្យកុមារាម្នាក់ស្លាប់និង០៣នាក់ទៀតរបួសធ្ងន់ស្រាលនៅស្រុកស្អាង

ចែករំលែក៖

កណ្ដាល៖ ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ បើករថយន្ដដឹកដីបត់ឆ្លងផ្លូវ ធ្វើឲ្យម៉ូតូមួយគ្រឿងបើកស្របទិសគ្នាបុកបណ្ដាលឲ្យដួល ធ្វើឲ្យក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ឃ្ទាតចូលទៅក្រោមកង់រថយន្ដ ត្រូវរថយន្ដកិនស្លាប់យ៉ាងអណោចអធ័ម និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល  ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដបង្កម៉ាកនីសាន់ ពណ៌ខៀវ ប្រភេទបែន ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2329 បើកបរដោយឈ្មោះ ផន តាវម៉េងសឺ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ចំណែកជនរងគ្រោះមានគ្នា៤នាក់ ទី១.ឈ្មោះ នួន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកCPX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF-8380របួសធ្ងន់ ,ទី២.ឈ្មោះ កែវ ស្រីនុច ភេទស្រី អាយុ២៨ឆ្នាំ  របួសស្រាល ជាអ្នករួមដំណើរ ទី៣.ឈ្មោះ សំណាង វីរះបុត្រ ភេទប្រុស អាយុ៨ឆ្នាំ (ស្លាប់)ជាអ្នករួមដំណើរ  និងទី៤.ឈ្មោះ សំណាង វិរះសិដ្ឋ ភេទប្រុស អាយុ៥ឆ្នាំ (របួសស្រាល)ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង៤នាក់ ត្រូវជាឪពុកម្ដាយកូននិងគ្នា មានទីលំនៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូម៉ាក CPX ពណ៌សខាងលើ ឌុបកូនប្រពន្ធ៣នាក់ពីក្រោយ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដបែនដឹកដីមួយគ្រឿងបើកស្របទិសគ្នា បានស៊ីញ៉ូបត់ស្តាំចូលផ្លូវលំ កាត់មុខម៉ូតូជនរងគ្រោះ ធ្វើឲ្យអ្នកបើកម៉ូតូអកហ្ស៊ើចាប់ហ្វ្រាំងបូមដួល រអិលទៅបុករថយន្ត បណ្តាលអោយរថយន្តកិនកុមារអាយុ៨ឆ្នាំស្លាប់ម្នាក់បាត់បង់ជីវិតតែម្ដង រីឯអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងកសាងសំណុំរឿង ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់  ។

ចំណែកសាកសព សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕

ដោយ៖ ស្អាង ជ័យ

 


ចែករំលែក៖