ភ្នំពេញ៖ ក្រោយបាត់មុខពីការសម្តែងមួយរយៈពេលខ្លី ពិធីការិនីស្រស់សោភា អ្នកនាង កែវ នីសា បានធ្វើឲ្យភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបានចូលរួមបរិច្ចាគថវិកាចំនួន ៤៤៤៤ដុល្លារ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុស កូវីដ១៩។
កែវ នីសា បានបរិច្ចាគទឹកប្រាក់ ៤៤៤៤ដុល្លារអាមេរិកដើម្បីចូលរួមទប់ស្កាត់ និងព្យាបាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការបរិច្ចាគនេះក៏ស្របពេលដែលសិល្បករជាច្រើនបានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់មួយនេះ។ នាងបាត់មុខពីការសម្តែងដោយមានតែការងារជាពិធីការិនីប៉ុណ្ណោះតែនាងក៏មានសន្តានចិត្តជួយសង្គមជាតិយ៉ាងធំធេង និងរួមចំណែកជួយដល់រដ្ឋាភិបាលប្រឆាំង និងវីរុសកាចសាហាវនេះ ឲ្យរលាយបាត់ពីប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះនាងក៏ទទួលបានលិខិតថ្លែងអំណរគុណពីប្រមុខរដ្ឋាភិបាលផងដែរ។
ការបរិច្ចាគរបស់នាងក៏បានធ្វើឲ្យមានចាប់អារម្មណ៍មិនខុសពី តារាចម្រៀងស្រីអ្នកនាង ទៀងមុំសុធាវី និងស្វាមី ដែលទើបនឹងរៀបមង្គលការរួចថ្មីៗនោះ បានបរិច្ចាគទឹកប្រាក់៥ពាន់ដុល្លារអាមេរិក ដែលជាចំនួនទឹកប្រាក់ច្រើនជាងសិល្បករដ៏ទៃ។
ខណៈកញ្ញា ស៊ីន យូប៊ីន ក៏ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនរហូតទៅដល់ ៤ ពាន់ដុល្លារ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យជំនាញក្នុងការជួយស្វះស្វែងព្យាបាល និងចាត់វិធានការទប់ស្កាត់នូវវីរុស Covid-19 ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានេះដែរ។
គួរបញ្ជាក់ដែរថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហាអំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជននានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ទីតាំងទាំង២កន្លែងទាំងនោះរួមមាន៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦៥៧៨។
កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេងទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀតជាអ្នករង់ចាំទទួល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។
គិតត្រឹមថ្ងៃទី១៨ ខែមេសានេះកម្ពុជាមានអ្នកផ្ទុកជំងឺCovid-19សរុបចំនួន១២២នាក់ ដោយក្នុងនោះមានអ្នកព្យាបាលជាសះស្បើយចំនួន១០៣នាក់ និងមិនមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតនោះឡើយ។
រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid–19នេះ៕ ដោយ ៖ វឌ្ឍនា